រាជធានីភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការបន្ទាប់ពីរូបគេធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AA-9898 នៅចំណុចផ្ទះលេខ៣CE0 ផ្លូវលេខ១១ ភូមិ៣ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះ ទុន សុភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងទីលំនៅបច្ចុប្បន្នក៏មិនពិតប្រាកដផងដែរ។
ក្រោយពីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទី កម្លាំងអាវុធហត្ថខណ្ឌ៧មករា បានប្រទះឃើញ ជនសង្ស័យដែលមានភិនភាគដូចក្នុងកាមេរ៉ាសុវត្ថិភាពកំពុងដើរនៅចំណុចផ្លូវ២១៤ កែងផ្លូវ១១៣ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ និងចាត់ការតាមនីតិវិច្បាប់។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AA-9898 នៅចំណុចផ្ទះលេខ៣CE0 ផ្លូវលេខ១១ ភូមិ៣ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ពិតប្រាកដមែន។

បន្ទាប់ពីលួចបានរូបខ្លួនបានយកម៉ូតនោះទៅដាក់បញ្ចាំក្នុងតម្លៃ៧០ដុល្លារ ហើយក៏យកប្រាក់នោះទៅទិញគ្រឿងញៀនមកសេព។
លុះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តង។

សូមបញ្ជាក់ផងដែរថាជនសង្ស័យខាងលើធ្លាប់ជាប់នៅមណ្ឌលកែប្រែឱកាសខ្ញុំរយៈពេល៣ខែពីបទប្រើប្រាស់គ្រឿងញៀនម្តងរួចមកហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕