ខេត្តរតនគិរី÷ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី។

ពិធីប្រកាសនេះមានការចូលរួមពីសំណាក់ប្រតិភូក្រសួង លោកណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្ត លោក ថង សាវុនអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ថ្នាក់ដឹកនាំនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបទាំងអស់ប្រមាណ១០០នាក់។

មានប្រសាសន៍នាឱកាសនេះដែរលោក ថង សាវុនបានលើកឡើងថា ការផ្លាស់ប្ដូរ ឬផ្ទេរភារកិច្ចនេះធ្វើឡើងដើម្បីជំនួសប្រធានមន្ទីរចាស់ ដែលលោកនឹងត្រូវទទួលតួនាទី និងភារកិច្ចថ្មីនៅទីស្ដីការក្រសួង។ លើសពីនោះទៅទៀត ការផ្លាស់ប្ដូរនេះ ក៏ដូចជាបណ្ដុះវប្បធម៌ចែករំលែកបទពិសោធន៍ការងារ សាបព្រោះពហុជំនាញដល់មន្ត្រី បង្កើតគំនិតផ្ដួចផ្ដើមថ្មី និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការល្អ សំដៅពង្រីកចំណេះដឹង និងចំណេះធ្វើឲ្យបានទូលំទូលាយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីរាជការ និងចក្ខុវិស័យរបស់រដ្ឋបាលខេត្ត គឺចង់ឃើញមន្ត្រីទាំងអស់មានពហុជំនាញ ទាំងជំនាញបច្ចេកទេស ជំនាញភាពជាអ្នកដឹកនាំ ព្រោះអ្នកទាំងនោះគឺជាទំពាំស្នងឬស្សី នាពេលអនាគត។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា វិស័យសាធារណការ និងដឹកជញ្ជូនជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានភាពរឹងមាំ និងមាននិរន្តរភាព បើគ្មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ គ្រប់ច្រកល្ហក ប្រទាក់ក្រឡាគ្នាដូចសរសៃរឈាម តភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតនោះទេ ក៏គ្មានការអភិវឌ្ឍដែរ ជាក់ស្ដែងខេត្តរតនគិរីជាខេត្តប្រកបដោយសក្ដានុពលមួយ អាចពង្រីកវិសាលភាពរបស់ខ្លួន មិនត្រឹមតែជាខេត្តអេកូទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងជាខេត្តបោះជំហានទៅជាខេត្តមានឧស្សាហកម្ម ពាណិជ្ជកម្មដ៏មានសន្ទុះរីកចម្រើនគួរអោយគត់សម្គាល់។

ជាមួយគ្នានោះដែរលោករដ្ឋលេខាធិការបានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស៊ុន ប៉ូលីន ប្រធានមន្ទីរចាស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារលើវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តនេះ ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយសង្ឃឹមថា បទពិសោធន៍ល្អៗទាំងនេះ នឹងត្រូវបានចែករំលែកដល់ថ្នាក់ដឹកនាំ និងមន្ត្រី រាជការមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីយកទៅអនុវត្តបន្ត។

លោករដ្ឋលេខាធិការបានផ្ដាំផ្ញើ លោកសាយ សាមាន ដែលត្រូវមកជំនួសប្រធានមន្ទីរចាស់ត្រូវខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីបន្តដឹកនាំ មន្ទីរសាធារណការ និងដឹកជញ្ជូនឲ្យមានការរីកចម្រើនថែមទៀតស្របតាមការរីកចម្រើនរបស់ខេត្ត។ ជាពិសេស ត្រូវបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយ ភាពកក់ក្ដៅ ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើឲ្យបានលឿន ធ្វើឲ្យមានប្រសិទ្ធភាព និងតម្លាភាពដើម្បីបន្តដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនឲ្យមានការរីកចម្រើនថែមទៀត។

ជាពិសេសត្រូវ សហការសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយនិងរឹងមាំ ពង្រីកនិងពង្រឹងទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់អោយបានល្អប្រសើរ។

ជាកិច្ចឆ្លើយតបនូវគុណូបការៈ និងការផ្ដល់ទំនុកទុកចិត្ត ក្នុងការតែងតាំងលោក ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី លោក សាយ សាមាន បានប្ដេជ្ញាចិត្តគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ បទប្បញ្ញតិ គោលការណ៍នានារបស់ព្រះរាជាណាចក្រកម្ពុជា អនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល រឹតចំណងសាមគ្គីផ្ទៃក្នុង និងសហការជាមួយមន្ទីរជុំវិញខេត្ត និងអាជ្ញាធរដែនដី ជាពិសេសអនុវត្តឲ្យបានជាដាច់ខាតនូវអនុសាសន៍ទាំង១១ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សំដៅលើកកម្ពស់ប្រសិទ្ធភាព គុណភាពការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យមានការរីកចម្រើន និងអភិវឌ្ឍថែមមួយកម្រិតទៀត៕