រាជធានីភ្នំពេញ ៖ រថយន្ត​កូរ៉េ​១​គ្រឿង ដឹក​ស៊ីម៉ង់​​លើស​ទម្ងន់ បើកឡើង​ស្ពាន​អាកាសមិន​រួច រលត់​ម៉ាស៊ីន រ​អិល​ថយក្រោយចុះ​ពី​លើស្ពាន ​បុកបង្កាន់​ដៃ​ស្ពាន ​សំណាងល្អ​ មិន​បង្ក​អោយ​មាន​អ្នក​រង​របួស​ឡើយ​ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​២៨ ​មេសា ​២០២០ នៅ​ចំណុច​លើ​ស្ពាន​អាកាស​៧​មក​រា តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ​។

បើតាម​​ម្ចាស់​រថយន្តដែលជាអ្នក​បើកបរ​ដឹក​ស៊ីម៉ង់ បាន​ប្រាប់ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​លោក​បាន​បើករថយន្ត​កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ កំពត 3A-0233 តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច គោលបំណង​ឡើង​ស្ពាន​អាកាស​៧​មក​រា ខណៈ​ឡើង​ស្ពាន​បាន​បន្តិច ​រថយន្ត​ក៏​រលត់​ម៉ាស៊ីន ជាន់​ហ្វ្រាំងក៏លែង​ស៊ី ហើយរថយន្ត​ថយក្រោយ​ចុះ​ពីលើ​ស្ពាន​វិញ ពេល​នោះ​ រូបលោក​សម្រេចចិត្ត បួង​ចង្កូតរថយន្ត​បុក​បង្កាន់ដៃស្ពាន​តែ​ម្ដង ជៀសវាង​បង្ក​ការ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរដទៃ​ទៀត ​។

ក្រោយ​កើតហេតុ ​នគរបាល​ចរាចរណ៍បាន​មក​ដល់​កន្លែង និង​បាន​ទាក់ទង​ទៅ​ជំនាញ ដើម្បី​មក​ស្ទួន​រថយន្ត ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕