ខេត្តបាត់ដំបង៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍នៃអធិការដ្ឋាន បានធ្វើការចាប់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចក្រុមទី៣០ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នាំមកចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១៥ និង៣៥នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។

ស្រ្តីសង្ស័យម្នាក់ឈ្មោះ វិន តឿ ហៅ យាយតឿ ឬយាយសក់ស អាយុ៧៤ឆ្នាំ មានទីលំនៅក្នុងរ៉ាជង្រុក ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ដកហូតម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកថ្លា ដែលជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន៤ថង់ មានទម្ងន់១៦,៥៨ក្រាម និងកូនថង់ សម្រាប់រំលែកថ្នាំញៀនលក់មួយចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ច ស្រី្តសង្ស័យបានឆ្លើយសារភាពថា គ្រឿងញៀនទាំងនេះ ពិតជារបស់សខ្លួនមែម ដែលទិញពីគេយកមកចែកចាយបន្ត គ្រាន់បានប្រាក់កម្រៃទុកចាយវាយប្រចាំថ្ងៃ។

ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់៕