ខេត្តកណ្តាល ៖ បុរសម្នាក់ ក្រោយពីអង្គុយព័ទ្ធវង់ផឹកស៊ីជាមួយបនភឿ ត្រឡប់មកដល់ផ្ទះវិញបានរករឿងបង្កជម្លោះក្នុងក្រុមគ្រួសារ ហើយស្ទុះទៅវាយបងប្រុសបង្កើត បណ្តាលឲ្យរងរបួសធ្ងន់។ ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ។

ជនរងគ្រោះ មានឈ្មោះសេង ភ័ក្រ្ត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

ចំណែក ជនសង្ស័យ.ឈ្មោះសយ ភាព ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែ មុខរបរជាងដែក ត្រូវជាប្អូនជនរងគ្រោះ មានទីលំនៅ ក្នុងមូលដ្ឋានខាងលើជាមួយគ្នា។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់បានផឹកស្រាស្រវឹងរួចបានជេរដៀមដាមដាក់បងប្រុសរបស់ខ្លួនឈ្មោះសេង ភ័ក្រ្ត (ជនរងគ្រោះ)ហើយពេលនោះ ជនរងគ្រោះទ្រាំមិនបានជេរតបតទៅវិញ ទើបមានការឈ្លោះប្រកែកគ្នា ស្រាប់តែពេលនោះដៃដល់ បានស្ទុះមកវាយជនរងគ្រោះជាបង បណ្តាលអោយដួលទៅនឹងដី ហើយពេលនោះជនសង្ស័យ បានយកដុំឥដ្ឋមកវាយក្បាលជនរងគ្រោះ បណ្តាលអោយមានស្នាមហើមជាំថ្ងាស់រួចហើយបានយកចបជីកមកវាយចំឆ្អឹងជំនីខាងឆ្វេង បណ្តាលអោយមានស្នាមរលាត់ហើមជាំ និងវាយត្រូវស្មងជើងខាងស្តាំ របួសថែមទៀត។

ប្រភពបន្តថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ខ្ពប បានចុះទៅដល់កន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍។ បន្ទប់មក បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕