ខេត្តរតនគិរី÷ ឈើធ្នុងជាប្រភេទឈើប្រណិតមួយដើម មានមុខកាត់ជាងមួយម៉ែត្រ និងប្រវែងជាង៣០ម៉ែត្រមានតម្លៃមិនក្រោមមុឺនដុល្លាសហរដ្ធអាមេរិកនោះឡើយ ត្រូវបានដួលរាបដល់ដីខណ:មានខ្យល់ព្យុះផ្គររន្ទះនិងភ្លៀងធ្លាក់ដើមឆ្នាំមួយមេធំ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០វេលាម៉ោង២១និង០០យប់កន្លងទៅនេះ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលប្រទះឃើញដើមធ្នុងដួលនោះបានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ ពួកគាត់បាននាំគ្នាដើរសៀរៗមាត់អូរទឹកធ្លាក់៧ជាន់ រកបន្លែ ត្រពាំងឬផ្សិតដើម្បីមកដាំស្ល ពេលមកដល់ចំណុចជើងភ្នំខាងកើតមាត់អូរទឹកធ្លាក់៧ជាន់ក្នុងព្រៃតំបន់ទេសចរណ៍ធម្មជាតិ ស្ថិតក្នុងភូមិអ៊ុល ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ក៏បានប្រទះឃើញដើមធ្នុងដ៏ធំមួយដើម ដួលរាបដល់ដីបានបង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋនោះមក សារព័ត៌មានយើងនៅថ្ងៃទី២៣ ខែមេសាឆ្នាំ២០២០វេលាម៉ោង២និង០០នាទីរសៀលបានទៅដល់ចំណុចកើតហេតុដើមធ្នុងដួលនោះនិងរាយការណ៍ជូនទៅលោកអភិបាលស្រុកលំផាត់ភ្លាមៗផងដែរ។

តាមការពិនិត្យមើលជុំវិញការដួលរលំធ្នុងមួយដើមខាងលើនេះឃើញថា មុនពេលដើមធ្នុងនេះដួលអំឡុងពេលថ្មីៗ៤ទៅ៥ថ្ងៃឃើញស្នាមកាត់ក្រឡឹងគល់ធ្នុង ដោយប្រើប្រាស់រណាយន្តហៅថាម៉ាសុិន(ត្រង់សុីន័រ)។ ដែលសកម្មភាពនេះកើតមានការសង្ស័យថា ក្រុមឈ្មួញខិលខូចឆ្លៀតឱកាសចង់ផ្តួលយកដើមធ្នុងនេះទៅដោយមិនស្របច្បាប់ ក៏រិះរកគ្រប់វិធីគ្រប់មធ្យោបាយបែបនេះ ប៉ុន្តែបំណងនេះត្រូចវបរាជ័យទៅវិញ។

លោក ម៉ុក គៀង គណ:កម្មាធិការគ្រប់គ្រងតំបន់ទេសចរណ៍អូរសុិនលែរ៍និងជាប្រធានសហគមន៍ជនជាតិដើមភាគតិចនៅតំបន់ទឹកធ្លាក់៧ជាន់នៅរសៀលថ្ងៃទី២៣ ខែមេសាឆ្នាំ២០២០បានឲ្យសារព័ត៌មានយើងដឹងថា
ក្រោយពេលភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០២០នោះ
ដើមឈើក្នុងតំបន់ទេសចរណ៍បានដួលរណេករណូក ក្នុងនោះមានដើមស្រឡៅធំៗចំនួន៣ដើម ដើមធ្នុងនេះមួយដើមផងដែរ។ និងបំផ្លាញដំណាំតាមចម្ការបងប្អូនប្រជាពលរដ្ឋជាច្រើនកន្លែងថែមទៀតផង ហើយ លោកបានធ្វើរបាយការណ៍ជូនទៅលោកអភិបាលស្រុកលំផាត់ លោកប្រធានមន្ទីរទេសចរណ៍ និងលោកមេភូមិមេឃុំ រួចរាល់ហើយ។ ប៉ុន្តែស្របពេលនោះលោកអភិបាលស្រុកថាពុំទាន់បានទទួលរបាយការណ៍ពីការដួលរលំដើមធ្នុងដ៏មានតម្លៃនោះពីលោកមេសហគមន៍នោះនៅឡើយទេ។

គួររំលឹកផងដែរថា កាលពីប៉ុន្មានខែមុននោះ មានជនខិលខូចលួចកាត់យកឈើនាងនួនមួយដើមដែលដួលក្នុងតំបន់ទឹកធ្លាក់នេះហើយស្ទូចដាក់លើគោយន្តកែច្នៃពេញមួយគោយន្ត(ទាំងមែកទាំងគល់)បម្រុងលោតឆ័ត្រដឹកជញ្ជូនចេញទៅអារច្រៀកកន្លែងណាមានសុវត្ថិភាព ក៏បែកធ្លាយត្រូវកម្លាំងប៉ុស្តិ៍ធ្វើការចាប់បង្ក្រាបតែម្តង។

ជាក់ស្តែងដើមស្រឡៅ៣ដើមដែលរលំដួលកាលខ្យល់ព្យុះថ្ងៃទី១៧មេសានោះ មិនទាន់បានកន្លះខែផង ត្រូវបានក្រុមឈ្មួញមិនស្គាល់មុខសម្រុកចូលទៅអារច្រៀកជាក្តារងឿរនិងក្តាបាំងផ្ទះទាំងស្រុង អស់ចំនួន២ដើមហើយ នៅសល់តែ១ដើមនិងធ្នុង១ដើមតែប៉ុណ្ណោះ។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី នៅល្ងាចថ្ងៃទី២៤ខែមេសាបានឲ្យសារព័ត៌មានយើងដឹងថា បញ្ហាដើមធ្នុងដួលលោកបានជ្រាបតាំងពីថ្ងៃវាដួលដំបូងម៉្លេះ តាមរយ:មេសហគមន៍គ្រប់គ្រងតំបន់ទេសចរណ៍
គឺលោក ម៉ុក គៀងនោះហើយ ដោយគេ រាយការណ៍ឲ្យដឹងថាដើមធ្នុងនោះតូចញ៉ែបទេ មុខកាត់៥០ទៅ៦០ប៉ុណ្ណោះ។

លោកប្រធានទេសចរណ៍ បញ្ជាក់ថា បញ្ហាឈើខាង វិស័យទេសចរណ៍ជាវិស័យសេវាទេ គឺបានត្រឹមតែដឹងឮ រាយការណ៍ជូនអាជ្ញាធរឲ្យច្បាស់លាស់ និងសមត្ថកិច្ចតាមមូលដ្ឋានជាពិសេសត្រូវរាយការណ៍ទៅអភិបាលស្រុកដែលជាគណ:បញ្ជាការឯកភាពស្រុកមានសិទ្ធិចាត់ចែងកម្លាំងសមត្ថកិច្ចជំនាញត្រូវចុះរឹបអូសនាំយកទៅរក្សាទុកនៅទីទួលសុវត្ថិភាពយ៉ាងណានោះ?។

ជុំវិញផ្ទៃដីតំបន់ទេសចរណ៍ទឹកធ្លាក់៧ជាន់ហៅថាទេសចរណ៍ធម្មជាតិអូរសុិនលែរ៍ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងពីមន្ទីរទេសចរណ៍នោះ លោកង៉ែតពិទូបានរៀបរាប់ថា កាលពីប៉ុន្មានឆ្នាំមុនលោកបាន(ចុចjps)កំណត់ព្រំប្រទល់ច្បាស់លាស់ហើយមានទាំងដាំបង្គោលព្រំសុីម៉្មង់ត្រឹមត្រូវថែមទៀតនិងបានកត់ចូលក្នុងបញ្ជីរួចរាល់ហើយដែរ៕ ដោយ បានលុង