ខេត្តកណ្តាល៖ ស្រ្តី៥នាក់ អត់ការងារធ្វើបានប្រកូកប្រកាសហៅគ្នាព័ទ្ធវង់លេងបៀភ្នាល់ដាក់ប្រាក់ លុះពេលកម្លាំងសមត្ថកិច្ចស៊ើបដឹង ក៏ចុះទៅបង្រ្កាបចាប់ខ្លួនចែៗនាំមកវាស់កម្ពស់ រួចថតរូបបង្ហោះតាមហ្វេសប៊ុកឲ្យល្បី គេឃើញមុខពេញប្រទេស។
ប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះឈ្មោះស៊ូ ចាន់ថន ភេទស្រី ភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ។

ស្រ្តីលេងបៀដែលសមត្ថកិច្ចចាប់ខ្លួននេះ ទី១-ឈ្មោះស៊ូ ចាន់ថន អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ មានទីលំនៅភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ (ម្ចាស់ផ្ទះ)។ ទី២-ឈ្មោះសៀង ចាន់ហេង អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ទី៣-ឈ្មោះសុខ មួយ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចងការប្រាក់ មានទីលំនៅស្នាក់នៅផ្ទះជួល ក្នុងភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ ទី៤-ឈ្មោះកែវ សម្បត្តិ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ និងទី៥-ឈ្មោះសំណាង សុភក្រ័ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងក្រអូប មានទីលំនៅភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិចាប់ខ្លួនស្រី្តខាងលើនេះ ធ្វើឡើងក្រោយពីមានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា នៅចំណុចផ្ទះឈ្មោះស៊ូ ចាន់ថន (ផ្ទះកើតហេតុ) មានមនុស្សស្រីៗ កំពុងលេងល្បែងស៊ីសង(បៀ) នៅលើផ្ទះជាន់ទី២ ។ ពេលនោះ សមត្ថកិច្ចបានសុំគោលការពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង ចុះបង្រ្កាបចាប់ខ្លួនស្រី្តសង្ស័យទាំង៥នាក់ និងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕