រាជធានីភំ្នពេញ៖ បុរសម្នាក់ បាននាំកូនឈឺមកសម្រាប់ព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទី២ តែអកុសល ខណៈពេលកំពុងដេកកំដរកូន ស្រាប់តែមានជំងឺលើសឈាមធ្វើទុក្ខខ្លាំង បណ្តាលឲ្យស្លាប់ក្បែរគ្រែកូនយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ខែមេសា ឆ្នាំ២០២០ ។
ជនរងគ្រោះស្លាប់ពេលមកដេកកំដរកូនឈឺនៅក្នុងមន្ទីរពេទ្យនេះ មានឈ្មោះ សាយ សៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្រុកកំណើតនៅឃុំបឹងត្រាញ់ ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។

នារីឈ្មោះ ងួន ស្រីពៅ ជនជាតិខ្មែរ អាយុ៣០ឆ្នាំ ជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នាងនិងប្ដី(ជនរងគ្រោះ) បានជិះម៉ូតូកងបីចេញពីផ្ទះ ដើម្បីយកកូនមកមន្ទីរពេទ្យគន្ធបុប្ជាទី១ ពេលមកដល់ ក៏បានចូលពិនិត្យសុខភាពកូនរួច ពេទ្យបញ្ជូនកូនមកមន្ទីរពេទ្យគន្ធបុប្ជាទី២ ។ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៧ ប្ដីនាងបានទៅ ទិញបាយហូប និងស្រាបៀរចំនួនបួនកំប៉ុង មកជាមួយផងដែរ ដោយទុកបាយឲ្យនាងហូប ហើយគាត់បានប្រាប់នាងថា គាត់យកស្រាបៀទៅផឹកជិតរបងមន្ទីរពេទ្យ ។ លុះដល់ម៉ោងប្រហែល ៨និង៣០នាទី ទើបគាត់ត្រឡប់មកកំដរកូនវិញ។
នារីជាប្រពន្ធបន្តទៀតថា នៅម៉ោង១១និង៣០នាទី នាងបានប្តីងូតទឹកឲ្យកូន ប៉ុន្តែប្តីមិនបានងូតទឹកឲ្យកូនទេ បានត្រឹមតែដាក់ទឹកដោះគោឲ្យកូនបៅប៉ុណ្ណោះ រហូតដល់ម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ខណៈដែលនាងកំពុងដេក ស្រាប់តែមានអ្នកនៅគ្រែជិតគ្នាមកដាស់នាងថា ប្ដីនាងមានអាការមិនស្រួលខ្លួន ពេលនោះនាងបានក្រោកឡើងក៏បានហៅប្ដីឲ្យក្រោកឡើង ប៉ុន្តែប្តីនៅតែពុំដឹងខ្លួនដដែល ទើបនាងបានហៅគ្រូពេទ្យឲ្យជួយមើល ពេលគ្រូពេទ្យមកដល់បានជួយធ្វើចលនា ចង្វាក់បេះដូងហើយ នៅតែមិនដឹងខ្លួនដដែល បន្ទាប់គ្រូពេទ្យបានប្រាប់ថា ប្ដីនាងបានស្លាប់បាត់ទៅហើយ។

នារីខាងលើបញ្ជាក់ថា ប្ដីនាងធ្លាប់មានប្រវត្តិជំងឺលើសឈាមពីមុន តែកន្លែងមកមិនដែលមានបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងចំពោះប្តីនាងឡើយ គួរណាមកស្លាប់ពេលដេកកំដរកូននៅក្នុងមន្ទីរពេទ្យបែបនេះទេ ធ្វើឲ្យនាងរន្ធត់ចិត្តអាណិតប្តីជាខ្លាំង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ការិល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងគ្រូពេទ្យកោសលវិច័យរាជធានី ដើម្បីបង្កើត គណ:កម្មាការធ្វើកោសល្យវិច័យ ពិនិត្យសព។ តាមការពិនិត្យរបស់លោក វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសលវិច័យរាជធានី និងការិយាល័យជំនាញបច្ចេកទេសបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារជំងឺលើសឈាម។ បន្ទាប់មកបានប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕