ខេត្តសៀមរាប៖ ពលរដ្ឋចំនួន៣នាក់ ស៊ីឈ្នួលចុះស្តារអណ្តូងលូចាស់ៗ ដើម្បីរកប្រាក់កម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃ ពេលចុះដល់ក្នុងអណ្តូងស្រាប់តែខ្វះអុកស៊ីហ៊្សែនដកដង្ហើម បណ្តាលឲ្យស្លាប់២នាក់ និងម្នាក់ទៀតស្រវាឡើងលើទាន់ ទើបរួចផុតពីសេចក្តីស្លាប់ ។

ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិ ឪឡោកឃុំបាគង ស្រុកប្រាសាទបាគង ។ប។

លោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះឈុត ស៊ាន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅនៅភូមិឪឡោក បាគងស្រុកប្រាសាទបាគង និងទី២-ឈ្មោះយឿម រ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ ធិត.សួន (ហៅ) ប៉ក់ ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិឪឡោកជាអ្នកជួល ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់អណ្តូងបានជួលជនរងគ្រោះ ចុះស្តារអណ្តូង ដោយក្នុងតម្លៃ៣០០០០រៀល តែអកុសល ពេលចុះដល់អណ្តូង ស្រាប់តែខ្វះអុកស៊ីហ៊្សែនដកដង្ហើម បណ្តាលឲ្យស្លាប់២នាក់ និងម្នាក់ទៀតស្រវាឡើងលើទាន់ ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះពិនិត្យសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារខ្វះ អុកស៊ីហ៊្សែនដកដង្ហើមស្លាប់នៅក្នុងអណ្តូងលូមែន។ សពជនរងគ្រោះទាំង២នាក់ ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕