រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្រសួងការពារជាតិកម្ពុជា ទទួលបានសម្ភារពេទ្យ សម្រាប់ទប់ស្កាត់វីរុស COVID-19 ដែលជាជំនួយរបស់ក្រសួងការពារជាតិរបស់ប្រទេសចិន ចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារ ។

ពិធីប្រគល់ និងទទួលសម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 នេះ បានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ចំណែកភាគីចិន តំណាងដោយអនុពន្ធ័យោធាប្រចាំកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

សូមបញ្ជាក់ថា នាពេលកន្លងមក រាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា បានជួយឧបត្ថម្ភបរិក្ខារពេទ្យ និងគាំទ្រយ៉ាងពេញទំហឹងជូនដល់មិត្តចិន ពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយពេលនេះ ប្រទេសចិននឹងមកជួយដោះស្រាយជាមួយមិត្តកម្ពុជាវិញ តាមរយៈការជួយឧបត្ថម្ភជាសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាហូរហែ និងបញ្ជូនក្រុមគ្រូពេទ្យជំនាញផងដែរ៕