ភ្នំពេញ ៖ ដោយមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញារង សឿន មុន្នីរ័ត្ន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសង្គម នៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងលក់ម៉ាស៊ីនផ្ដាច់បារី(VAP) គ្មានច្បាប់អាជីវកម្មត្រឹមត្រូវ របស់លោក MR. FREE អតីតជាអ្នកសម្តែងសៀក។

ការចុះបង្ក្រាបទីតាំងលក់ម៉ាស៊ីនផ្ដាច់បារី(VAP)នេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០២០ នៅចំណុចផ្ទះលេខ១៥២ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួល គោក ។

សមត្ថកិច្ចបានបានឲ្យដឹងថា តំណាងម្ចាស់ផ្ទះមានឈ្មោះ ចាន់ បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅទីតាំងខាងលើ ។ ទីតាំងនេះគឺគ្មានច្បាប់ធ្វើអាជីវកម្ម និង គ្មានប័ណ្ណប៉ាតង់ និងគ្មានលើកស្លាកយីហោអោយបានត្រឹមត្រូវនោះទេ។

ពេលចុះត្រួតពិនិត្យទីតាំងនេះ សមត្ថកិច្ចយើងរកឃើញ បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) ទឹកថ្នាំចំនួន៦៣២ដប និងម៉ាស៊ីនផ្ដាច់បារីចំនួន៥៩គ្រឿង មិនមានការចុះបញ្ជីការ និងដកហូតសម្ភារៈទាំងអស់នេះយកមកក្រសួងមហាផ្ទៃ ផងដែរ។

តែម្ចាស់ទីតាំង មិនត្រូវបានសម្ថតកិច្ចឃាត់ខ្លួនទេ ប៉ុន្ដែបានអញ្ចើញម្ចាស់ទៅឆ្លើយបំភ្លឺនៅ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានីភ័យខ្ពស់ដល់សុខភាព និងសង្គម (គ.ជ.ប.ក) ក្រសួងមហាផ្ទៃ និង ផ្អាកការលក់ (VAP) អាជីវកម្មបណ្ដោះអាសន្ន៕