ខេត្តរតនគិរី៖ ការធ្វើ​ដំណើរចេញចូលភូមិមួយចំនួនក្នុងខេត្តរតនគិរីបានបន្តហាមឃាត់សម្រាប់អ្នកចំណូលថ្មីឬជនបរទេសដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

នេះបើតាមលោក ឆាយ​ ធី មេឃុំបាតេ ក្នុងស្រុក អូរយ៉ាដាវ ខេត្តរតនគិរី បានថ្លែងKBN ឲ្យដឹងនៅថ្ងៃទី២៤មេសានេះ។

លោកបានឲ្យដឹងទៀតថាភូមិចំនួន៤ ដែលបានបិទកាលពីពេលថ្មីៗនេះក្នុងតំណមជនជាតិដើមភាគតិចបានបើកវិញហើយ ប៉ុន្តែផ្លូវចេញចូលត្រូវបានដាក់សញ្ញាត្រួតពិនិត្យ ខណៈអ្នកចំណូលថ្មីនិងជនបរទេសត្រូវហាមឃាត់មិនឲ្យចូលភូមិនោះទេដើម្បីការពារការឆ្លងជម្ងឺកូវីដ១៩។ ភូមិទាំង៤នោះមានភូមិគងធំ ភូមិគងយុក ភូមិប្លង់ និងភូមិប្អរ។
“ឥឡូវអត់មានបិទភូមិដូចមុនទេប៉ុន្តែគ្រាន់តែអ្នកចំណូលថ្មីយើងហាមឃាត់ចេញចូលភូមិហើយអ្នកសង្ស័យយើងវាស់កម្ដៅព្រោះឥឡូវយើងមានប្រដាប់វាស់កម្ដៅហើយ”។

ដោយឡែកលោក អង ប៊ុនធៀង មេឃុំសេដា ស្រុកលំផាត់បានបញ្ជាក់ដែរថាមាន៣ភូមិកាលពីមុនត្រូវបានបិទដើម្បីការពារជំងឺកូវីដ១៩ ប៉ុន្តែឥឡូវនេះត្រូវបានធ្វើចរាចរណ៍ជាធម្មតាឡើងវិញហើយ ។

កាលពីថ្ងៃទី២៦ ខែមីនា ពេលកន្លងទៅនេះអាជ្ញាធរបានសម្រេចបិទចំនួន៣ភូមិគឺភូមិប៉ម ភូមិថ្មី និង ភូមិឡិក​ ស្ថិតក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ហើយការបិទ នេះបានហាមមិនឲ្យភ្ញៀវចេញចូលដើម្បីបង្ការការឆ្លងជំងឺផ្សេងៗ។ចំណែកភូមិធំៗ ដូចជាភូមិប៉ាទាត់ ភូមិសាមុត្រលើ ភូមិសាមុត្រក្រោម ជាប់នៅផ្លូវធំមិនមានការបិទទេមានមានរថយន្តចរាចរចេញចូលជាធម្មតា៕