ភ្នំពេញ៖ បើទោះបីជាពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរត្រូវបានហាមឃាត់មិនឱ្យមានការប្រមូលផ្តុំ ចៀសវាងការឆ្លងវីរុសកូវីដ១៩ក៏ដោយ​ ក៏នៅតាមផ្ទះនានាអាចរៀបចំទទួលទេវតាឆ្នាំថ្មីបានដដែល។ ឆ្លៀតក្នុងឱកាសនេះ តំណាងស្រាបៀរ កម្ពុជា បានផ្ញើ​សារជូនពរ​ពលរដ្ឋខ្មែរសម្រាប់បុណ្យចូលឆ្នាំថ្មី ដែលនឹងប្រារព្ធ​ធ្វើ​ពី​​ថ្ងៃទី​១៣​ដល់​១៦ ខែមេសានេះ។

លោកស្រី គង់ កុសល បានថ្លែងថា៖ «ការរក្សា​សុវត្ថិភាព និង​សុខភាពជាកត្តាចម្បង​សម្រាប់ពេលនេះ។ ដូច្នេះសម្រាប់ឆ្នាំថ្មី ឆ្នាំជូត ខ្ញុំសូមបួងសួង​ទេវតាឆ្នាំថ្មីជួយ​ប្រោះព្រំ​សព្ទ​សាធុ​ការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ​ជូន​ដល់ពលរដ្ឋ​ខ្មែរយើងទាំងអស់ ឱ្យរក​ទទួលទានមានបាន ឆ្លងផុតពេលវេលាដ៏​លំបាកនានា ជាពិសេសពេលនេះ ដែលទូទាំងពិភពលោកត្រូវបានយាយីពីវីរុស​កូវីដ​១៩។ សូមប្រជាពលរដ្ឋ​ខ្មែរ​ចៀសផុតពីរឿងអកុសលទាំងឡាយចាប់​ពីឆ្នាំថ្មីនេះតទៅ»។

លោកស្រីបន្តថា៖ «​ដើម្បីគេច​ផុត​ពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ តោងប្រជាជនខ្មែរយើងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយចៀសវាងការជួបជុំ មិន​ត្រូវ​ចេញក្រៅបើមិនចាំ​បាច់ លាងសម្អាតដៃឱ្យបានញឹកញាប់ និង​សូមតាមដានការវិវឌ្ឍ​ថ្មីៗពីរដ្ឋាភិបាលយើងទាំងអស់គ្នា។ នៅផ្ទះទាំងអស់គ្នាដើម្បីខ្លួនឯង និង​មនុស្សជាទីស្រលាញ់»៕