ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ចូលដល់ដើមខែមេសា ឆ្នាំ១៩៧៥ កងកម្លាំងខ្មែរក្រហមបានឡោមព័ទ្ធជុំជិតរដ្ឋធានីភ្នំពេញ។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៥ ឯកអគ្គរដ្ឋទូតអាមេរិក លោកហ្កាន់ធឺ ដៀន (Gunther Dean) បានទាក់ទងទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីឲ្យរដ្ឋាភិបាលអាមេរិក ចាត់វិធានការមកជម្លៀសគាត់ និងបុគ្គលិកទូតអាមេរិក ទាំងអស់ចេញពីប្រទេសកម្ពុជា។

ពេលនោះ ឯកអគ្គរដ្ឋទូតអាមេរិក លោកហ្កាន់ធឺ ដៀន (Gunther Dean) បានសរសេរលិខិតមួយច្បាប់ទៅជូនទ្រង់ស៊ីសុវត្ថិ សិរិមតៈ ដើម្បីឲ្យទ្រង់ត្រៀមខ្លួន ចាកចែញទៅជាមួយដែរ តែទ្រង់ស៊ីសុវត្ថិ សិរិមតៈ បានបដិសេធថា ទ្រង់មិនអាចរត់ចោលប្រជាពលរដ្ឋរបស់ទ្រង់បានឡើយ គឺស៊ូស្លាប់រស់ជាមួយគ្នា ហើយទ្រង់បញ្ជាក់តបទៅឯកអគ្គរដ្ឋទូតអាមេរិក លោកហ្កាន់ធឺ ដៀន វិញថា ទ្រង់មានកំហុសតែម្យ៉ាងគត់ គឺមកពីទ្រង់ជឿជាក់លើអាមេរិកពេក។

នៅម៉ោង៨ និង៥០ នាទីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ កងឧទ្ធម្ភាគចក្រចម្បាំងជាច្រើនគ្រឿងបានចុះចតនៅលើតារាងបាល់ទាត់របស់ធនាគាជាតិ នៅមុខវត្តស្វាយពពែ (ស្ថានទូតរុស្ស៊ីសព្វថ្ងៃ) ដាក់ពង្រាយកងទ័ពព័ទ្ធជុំវិញតារាងបាល់ទាត់នោះ ដើម្បីយកឯកអគ្គរដ្ឋទូតអាមេរិក និងបុគ្គលិកទូតអាមេរិក ចេញពីក្រុងភ្នំពេញ ។ ជាមួយគ្នានោះ ក៍មានយន្តហោះប្រយុទ្ធជាច្រើនគ្រឿងទៀត ហោះឆ្វែលខ្វែងខ្ចាត់នៅលើអាកាសដើម្បីការពារផងដែរ។

ពេលឯកអគ្គរដ្ឋទូត ហ្កាន់ធឺ ដៀន និងបុគ្គលិកទូតអាមេរិក ព្រមទាំងមន្រ្តីខ្មែរមួយចំនួនទៀត ត្រូវបានគេដឹកជញ្ជូនតាមរថយន្តចេញពីស្ថានទូតអាមេរិក មកដល់ទីលានបាល់ទាត់របស់ធនាគាជាតិនោះ កងទ័ពខ្មែរក្រហមបានបាញ់កាំភ្លើងធំជាច្រើនគ្រាប់ ពីអរិយក្សត្រ ធ្លាក់មកចំបរិវេណទីលានបាល់ទាត់នោះដែរ។

តែនៅទីបំផុត កងឧទ្ធម្ភាគចក្រនិងកងយន្តហោះប្រយុទ្ធអាមេរិកទាំងនោះ បានជម្លៀសមនុស្សចំនួន២៧៦នាក់ ក្នុងនោះរួមមានជនជាតិអាមេរិក ចំនួន៨២នាក់ ជនជាតិកម្ពុជា ចំនួន១៥៩នាក់ និងជនបរទេសផ្សេងៗទៀតចំនួន ៣៥នាក់ ទៅកាន់នាវាផ្ទុកយន្តហោះរបស់អាមេរិកនៅឈូងសមុទ្រថៃ ដោយសុវត្ថិភាព។

ក្នុងចំណោមជនជាតិកម្ពុជា ចំនួន១៥៩នាក់ ដែលត្រូវកងឧទ្ធម្ភាគចក្រនិងកងយន្តហោះប្រយុទ្ធអាមេរិក មកជម្លៀសយកទៅជាមួយនោះ មានមន្រ្តីជាន់ខ្ពស់២នាក់ គឺឧត្តមសេនីយ៍ សូ ខាំខូយ ប្រធានព្រឺទ្ធសភា និងជាប្រធានាធិបតីស្តីទី នៃរបបសាធារណរដ្ឋខ្មែរ និង ឡុង បុត្តា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ។ ឡុង បុត្តា នៅរស់រហូតដល់សព្វថ្ងៃ និងជាមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ និងបានជាប់ឆ្នោតជាតំណាងរាស្រ្ត ក្នុងការបោះឆ្នោតឆ្នាំ២០១៣។

ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងកម្លាំងខ្មែរក្រហមបានចូលមកកាន់កាប់ទីក្រុងភ្នំពេញ ទ្រង់ស៊ីសុវត្ថិ សិរិមតៈ និងមន្រ្តីជាន់ខ្ពស់នៃរបបសាធារណរដ្ឋខ្មែរ ជាច្រើននាក់ត្រូវកងកម្លាំងខ្មែរក្រហម ចាប់យកទៅបាញ់សម្លាប់យ៉ាវសាហាវឃោរឃៅបំផុត ហើយទឹកដីកម្ពុជា ក៍ចាប់ផ្ដើមក្លាយទៅជាវាលពិឃាតមួយដ៍អាណោចអាធ័មមួយ គ្មានអ្វីប្រៀបផ្ទឹមបាន៕