ឡុងដ៍៖ លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន (Boris Johnson) មានអាការៈរោគ COVID-19 កាន់តែធ្ងន់ធ្ងរ រហូតដល់បំពាក់អុកស៊ីហ្សែននោះ ពេលនេះ ត្រូវបានផ្ទេរទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ICU នៅក្នុងមន្ទីរពេទ្យទីក្រុងឡុងដ៍ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ហើយ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍BBC នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០នេះ។

ទូរទស្សន៍BBC បានឲ្យដឹងថា ការផ្ទេរលោកនាយករដ្ឋមន្ត្រី បូរីស ចនសុន (Boris Johnson) ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់នេះ ដោយសារតែអាការៈរោគលោក គ្មានភាពធូរស្រាល ដោយអាការៈក្អក និងកម្តៅក្នុងខ្លួនរបស់លោក នៅតែកើនឡើង គ្មានស្រាកស្រាន្តសោះ។ ទោះបីជាបែបនេះក្តី លោក បូរីស ចនសុន នៅតែមិនបានផ្ទេរតំណែង ឬក៏ឲ្យមន្ត្រីណាម្នាក់ឡើងជំនួសតួនាទីលោក បណ្តោះអាសន្ននោះ តែរដ្ឋមន្ត្រីការបរទេស គឺលោក ដូមីនីក រ៉ាអាប់ (Dominic Raab) ត្រូវបានបង្គាប់ឲ្យធ្វើកិច្ចការខ្លះជំនួសលោក ទៅតាមភាពចាំបាច់មួយចំនួនប៉ុណ្ណោះ។

បើតាមអ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស ពេលនេះលោកនាយករដ្ឋមន្ត្រី បូរីស ចនសុន កំពុងទទួលការព្យាបាល និងថែទាំងដោយក្រុមគ្រូពេទ្យជំនាញៗ ដោយយកចិត្តទុកដាក់បំផុត ៕