រាជធានីភ្នំពេញ៖ ខ្មាន់កាំភ្លើងជាឃាតករដែលបានបាញ់សម្លាប់អតីតប្រពន្ធរបស់ខ្លួន និងកូនស្រីឲបង្កើតរងរបួសធ្ងន់ ។ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅវេលាម៉ោងប្រមាណ១១ និង១៥នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ គ្រាដែលជនសង្ស័យរត់ទៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ជា ចាន់បូរ៉ា ជានគរបាលខណ្ឌសែនសុខ។ ប្រតិបត្តិការចាប់ឃាតករចិត្តកំណាចនេះ ធ្វើឡើងដោយមានការសហការគ្នារបស់កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ និងសមត្ថកិច្ចខេត្តកណ្តាល ដោយប្រើប្រាស់ពេលវេលាប្រមាណជាង២ម៉ោង ទើបចាប់បាន ហើយសមត្ថកិច្ចក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ។

ស្គាល់អត្តសញ្ញាណហើយ ! ខ្មាន់កាំភ្លើងដែលបាញ់អតីតប្រពន្ធ គឺជាមន្ត្រីនគរបាលខណ្ឌសែនសុខ ស្រ្តីជាប្រពន្ធស្លាប់ហើយ និងកូនស្រីរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ (មានវីដេអូ)
សូមបញ្ជាក់ថា កាលពីម៉ោងប្រមាណ៨ និង១០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណីមន្ត្រីនគរបាលខណ្ឌសែនសុខម្នាក់បានដកកាំភ្លើងបាញ់សំដៅរថយន្តអតីតប្រពន្ធចំនួន៤គ្រាប់ បណ្តាលឲ្យស្រ្តីជាប្រពន្ធរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែក កូនស្រីម្នាក់រងរបួសធ្ងន់ ក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ។

ជនដៃដល់ជាខ្មាន់កាំភ្លើង ត្រូវបានគេស្គាល់ថាឈ្មោះ ជា ចាន់បូរ៉ា ពាក់ស័ក្តិ៣ ជានគរបាលខណ្ឌសែនសុខ។
បុរសដែលជាអ្នកបើករថយន្តដឹកស្ត្រីរងគ្រោះ និងកូនៗរបស់ស្ត្រីរងគ្រោះ បានរៀបរាបប់ឲ្យដឹងថា នៅមុនកើតហេតុនៅ លោកបានបើករថយន្តដឹកស្ត្រីរងគ្រោះ និងកូនៗរបស់ស្ត្រីរងគ្រោះ ចេញពីផ្ទះស្ត្រីរងគ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែបុរសម្នាក់ជាអតីតស្វាមីរបស់ស្រ្តីរងគ្រោះជិះម៉ូតូពីក្រោយបាញ់សំដៅរថយន្តចំនួន៤គ្រាប់ ត្រូវស្ត្រីជាប្រពន្ធ និងកូនស្រីរងរបួសធ្ងន់តែម្តង ចំណែកជនដៃដល់បានជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុ ស្រ្តីរងគ្រោះត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែដោយសាររបួសធ្ងន់ពេក ក៏បានស្លាប់តែម្តង ចំណែក កូនម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។នៅមន្ទីរគន្ធបុប្ផា។

ប្រភពផ្សេងមួយទៀត បានបង្ហើបថា ស្ត្រីរងគ្រោះ និងអតីតស្វាមី(ខ្មាន់កាំភ្លើង) បានលេងលះគ្នាមួយរយៈពេលមកហើយ តែយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការផ្ទុះការបាញ់ប្រហារនេះទេ ប៉ុន្តែគេដាក់ការសន្និដ្ឋានជំហ៊ានដំបូងថាអាចផ្តើមសចេញពីភ្លើងប្រចណ្ឌ។

ក្រោយសមត្ថកិច្ចចាប់ខ្លួនបាន ជនសង្ស័យដែលបានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួននោះត្រូវបានបញ្ជូនមកអធិការនគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕