បរទេស៖ នាយករដ្ឋមន្រ្តីអៀរឡង់ លោក Leo Varadkar បានចុះឈ្មោះធ្វើអ្នកស្ម័គ្រចិត្តជួយខាងផ្នែកវេជ្ជសាស្រ្តរយៈពេលមួយសប្តាហ៍ ក្នុងពេលជំងឺកូវីដ-១៩ រាតត្បាតក្នុងប្រទេសរបស់លោក។ នេះបើតាមទូរទស្សន៍ជាតិអៀរឡង់ RTE ។

ទូរទស្សន៍ជាតិអៀរឡង់ RTE បានផ្សាយថា លោក Leo Varadkar បានចុះឈ្មោះធ្វើជាវេជ្ជបណ្ឌិតនៅខែមីនា ហើយលោកនឹងធ្វើការក្នុងនាមជាគ្រូពេទ្យមួយវេនក្នុងមួយសប្តាហ៍ ជាមួយក្រុមប្រតិបត្តិការសេវាសុខភាពរបស់ប្រទេស (HSE)។ លោក Varadkar មានតួនាទីជាអ្នធ្វើការវាយតម្លៃស្ថានភាពជំងឺតាមទូរស័ព្ទ ដើម្បីជួយសម្រួលបន្ទុកបុគ្គលិកសុខាភិបាលជួរមុខ។

សូមបញ្ជាក់ថា លោក Varadkar ជាអតីតវេជ្ជបណ្ឌិតអស់រយៈពេល៧ឆ្នាំមកហើយ មុនពេលលោកប្រឡូកក្នុងវិស័យនយោបាយ រហូតក្លាយជាមេដឹកនាំប្រទេស ទើបលោកបានលាឈប់ពីអាជីពជាវេជ្ជបណ្ឌិតតាំងពីឆ្នាំ២០១៣មក ។
គិតត្រឹមថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២០ ប្រទេសអៀរឡង់ មានអ្នកឆ្លងជំងឺកូវីដ-១៩នៅទូទាំងប្រទេសចំនួន៤ ៩៩៤ករណី, អ្នកស្លាប់ចំនួន១៥៨ ករណី និងជាសះស្បើយចំនួន២៥ករណី ៕