ភ្នំពេញ៖ ក្រោយមានជម្លោះបន្តិចបន្តួច បុរសជាម្ចាស់ផ្ទះជួលម្នាក់បានចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែជាប់នឹងទ្វារ ហើយម្ចាស់ផ្ទះជួលនោះបានបោះពាក្យសម្តីថា ៖“ចង់ប្តឹងទៅណា ប្តឹងចុះ” ។ឮហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រោយរោងចក្រឥណ្ឌា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន ។

ទាក់ទងដល់បញ្ហានេះ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នេះដែរ លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែន បានថ្លែងប្រាប់បណ្ដាញព័ត៌ យ៉ាងខ្លីថា ពិតជាមានករណីនេះមែន ហើយសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ កំពុងសាកសួរជនសង្ស័យ រួចហើយលោកអធិការរូបនេះ ក៏ចុចបិទទូរស័ព្ទតែម្តង… ។

ករណីនេះ មហាជនបានសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយស្រាវជ្រាវ និងពិនិត្យករណីម្ចាស់ផ្ទះជួលដែលបានចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែជាប់នឹងទ្វារនេះ ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះផង ព្រោះបើទោះបីមានរឿងខុសត្រូវយ៉ាងណា គឺមានតែអាជ្ញាធរ និងសមត្ថកិច្ចទេ ជាអ្នកដោះស្រាយ ម្ចាស់ផ្ទះជួលគ្មានសិទិ្ធអ្វី ទៅចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែជាប់នឹងទ្វារបែបនេះឡើយ ៕