រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការរិះគន់ឡើងរង្គើបណ្ដាញសង្គមហ្វេសប៊ុក ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចាប់ម៉ូតូប្រជាពលរដ្ឋជិះម៉ូតូបើកភ្លើងពេលថ្ងៃ យកទៅចាក់ច្រវាក់ទុកនៅខណ្ឌ១យប់ រួចធ្វើការផាកពិន័យចំនួន២៥០០០រៀល និងថ្លៃដាក់ច្រវា់ ១យប់ ៣០០០០រៀល បន្ថែមទៀត សរុប៥៥០០០រៀលនោះ ។

នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ អធិការខណ្ឌពោធិ៍សែនជ័យ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យមើលករណីនេះ ។ ជាលទ្ធផលនៃកិច្ចប្រជុំ លោកអធិការ បានរកឃើញ នាយរងផ្នែកមួយរូបពិតជាបានយកលុយលើសប្រាក់ពិន័យចំនួន៣ម៉ឺនរៀល ពិតប្រាកដមែន ។ លោកអធិការ បានឲ្យនាយរងផ្នែករូបនោះ ធ្វើស្វ័យរបាយការណ៍ ដើម្បីរាយការណ៍ជូនលោកស្នងការ ។

ចំពោះប្រាក់៣ម៉ឺនរៀលដែលយកលើសនោះ លោកអធិការ បានឲ្យនាយរងផ្នែករូបនោះយកមកប្រគល់ជូនម្ចាស់ម៉ូតូវិញ ។ លោកអធិការមានការសោកស្ដាយយ៉ាងខ្លាំងចំពោះមន្ត្រីក្រោមឱវាទដែលបានធ្វើឲ្យប៉ះពាល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ។ លោកមិនគាំទ្រទេចំពោះមន្ត្រីខិលខូច ។