រាជធានីភ្នំពេញ: ម្តាយតារាសម្តែងសូ ដានីតា បានធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយត្រូវកូនចៅបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែអកុសល ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ទីបំផុត ម្តាយរបស់សូ ដានីតា ក៏បានទទួលមរណភាព នៅវេលាម៉ោង ៥ និង២០នាទីមុននេះបន្តិច។

យោងតាមគណនីហ្វេស Chanlakhena Chorn ដែលបានបង្ហោះកាលពី១ម៉ោងមុន មានខ្លឹមសារថា «ដំណឹងអកុសល អ្នកម្តាយរបស់ប្អូនស្រី សូ ដានីតា (So Danita) បានទទួលមរណៈភាពហើយ ក្នុងវេលាម៉ោង 5.20 នាទីមុននេះ ដូច្នេះសូមអញ្ជើញញាតិមិត្តបងប្អូនទាំងអស់ចូលរួមពិធីបុណ្យសពអ្នកម្តាយរបស់គាត់ផង»។

ដំណឹងមរណភាពម្តាយរបស់តារាសម្ដែងស្រី សូ ដានីតា បានធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈ រួមទាំងមហាជន បានសម្ដែងនូវក្ដីសោកសៅ និងបានចូលរួមផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសាររបស់នាង ដែលបានបាត់បង់ម្ដាយជាទីស្រលាញ់៕