ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ លោកឌុក រ៉ាស៊ី ជាអ្នកនយោបាយជើងចាស់ មានឈ្មោះល្បីល្បាញកាលក្នុងសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណរដ្ឋខ្មែរ ជាអតីតឯកអគ្គរដ្ឋទូតខ្មែរប្រចាំទីក្រុងឡុងដ៍ បានទទួលមរណភាពក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ នៅថ្ងៃពុធ ទី២៥មីនា ឆ្នាំ២០២០ នៅក្រុងប៉ារីស ប្រទេសបារាំង ។

លោកឌុក រ៉ាស៊ី
លោកឌុក រ៉ាស៊ី

ក្រោយបញ្ចប់ថ្នាក់បណ្ឌិតនីតិសាស្ត្រសាធារណៈ នៅប្រទេសបារាំង នៅឆ្នាំ១៩៥៧ លោកឌុក រ៉ាស៊ី បានចូលបម្រើការងារនៅអង្គការសហប្រជាជាតិ ក្នុងគណៈកម្មការនីតិកម្ម នៅញ៉ូវយក សហរដ្ឋអាមេរិក រយៈពេល២ឆ្នាំ ។ បន្ទាប់មកទៀត លោកបម្រើការងារនៅស្ថានទូតខ្មែរ នៅប្រទេសថៃ រយៈពេល១ឆ្នាំ ហើយត្រឡប់មកធ្វើការនៅក្រសួងការបរទេស វិញ រហូតដល់១៩៦២ លោកបានចាកចេញពីក្រសួងការបរទេស និងចាប់ផ្តើមចូលប្រឡូកក្នុងឆាកនយោបាយ ហើយក្លាយជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាព្រឹទ្ធបុរសមហាវិទ្យាល័យច្បាប់នៅភ្នំពេញ ។ក្នុងពេលដំណាលគ្នា លោកបានបង្កើតកាសែតជាភាសាបារាំងមួយ ឈ្មោះថា Phnom Penh Presse រិះគន់ទស្សនៈនយោបាយសម្តេចព្រះនរោត្តម សីហនុ រហូតដល់ព្រះអង្គមានបន្ទូលគំរាមតាមវិទ្យុជាតិថា៖ «ចង់បញ្ជូន ឌុក រ៉ាស៊ី ទៅបរលោក ..» ទៀតផង ហើយក្រោយមក សម្តេចព្រះនរោត្តម សីហនុ បានប្រកាសបិទកាសែតPhnom Penh Presse និងកាសែតឯកជនដែលផ្សាយជាភាសាបរទេសទាំងអស់ នៅឆ្នាំ១៩៦៧។

លោកឌុក រ៉ាស៊ី
លោកឌុក រ៉ាស៊ី

នៅក្នុងសម័យសាធារណរដ្ឋខ្មែរ លោកបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ និងបានអត្ថបទវិចារណកថារិះគន់លោកលន់ នល់ ជារៀងរាល់ថ្ងៃ តាមទំព័រសារព័ត៌មាន។
ក្នុងឆ្នាំ១៩៧៣លោក ឌុក រ៉ាស៊ី បានត្រូវតែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពប្រចាំចក្រភពអង់គ្លេស បែលហ្សិក ដាណឺម៉ាក និងហូឡង់ដ៍។
នៅដើមទសវត្សរ៍១៩៩០ លោកជាសាស្ត្រាចារ្យនីតិសាស្ត្រ បង្រៀននៅសកលវិទ្យាល័យ Amiens ប្រទេសបារាំង។ ពេលចូលនិវត្តន៍ លោកបង្កើតព្រឹត្តិបត្រ Le Salut Khmer និង បង្កើតសមាគមសិទ្ធមនុស្សឈ្មោះថា «សម្ព័ន្ធខ្មែរការពារសិទ្ធមនុស្សនិងសិទ្ធបុរីជន»។
ភរិយារបស់លោក ឌុក រ៉ាស៊ី គឺលោកស្រីបណ្ឌិត មាស សេដ្ឋា ។

ភរិយារបស់លោក លោកឌុក រ៉ាស៊ី
ភរិយារបស់លោក លោកឌុក រ៉ាស៊ី

កាលនៅយុវវ័យ លោកស្រីបណ្ឌិត មាស សេដ្ឋា សិក្សានៅអនុវិទ្យាល័យព្រះសុរិយោវង្ស ក្រុងស្វាយរៀង។ក្រោយមកបន្តការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ រហូតទទួលសញ្ញាប័ត្រមធ្យមសិក្សាប័ត្រភាគទី២ (បាក់ឌុប) នៅឆ្នាំ១៩៦៣ ហើយបានចូលសិក្សាផ្នែក S.P.C.N (Sciences Physique Chimie Naturelles) នៅមហាវិទ្យាល័យឱសថសាស្ត្រ បន្ដទៀត នៅឆ្នាំ១៩៦៤ ។
លោកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ឌុក រ៉ាស៊ី នៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៤។ ទោះបីរៀបការហើយក្តី ក៏លោកស្រី មាស សេដ្ឋា នៅតែបន្តការសិក្សានៅមហាវិទ្យាល័យឱសថសាស្ត្រ បន្ដទៀត រហូតដល់ឆ្នាំ១៩៦៩ លោកស្រីបានទទួលសញ្ញាប័ត្រឱសថការីរដ្ឋ ហើយបានក្លាយជាសាស្រ្តាចារ្យបង្រៀននៅមហាវិទ្យាល័យនេះ រហូតដល់ឆ្នាំ១៩៧៣។
ចាប់ពីឆ្នាំ១៩៦៥ ដល់១៩៧១ លោកស្រី និងស្វាមី មានបុត្រីបុត្រាចំនួន៥នាក់ គឺ អមរា , សុផារា , រ៉ាមុនី ,ថារ៉ាវី និង រ៉ង់ដាល)។

ទាក់ទងដល់ប្រវត្ដិលោកឌុក រ៉ាស៊ី នេះដែរ លោកហួត សម្បត្តិ អតីតឯកអគ្គរាជទូតរណសិរ្សរួបរួមជាតិកម្ពុជា ប្រចាំនៅប្រទេសយូហ្គោស្លាវី ដែលត្រូវពួកខ្មែរក្រហមចាប់យកមកធ្វើទារុណកម្មនិងសួរចម្លើយនៅមន្ទីរស-២១(ឬគុកទួលស្លែង) នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦ បានចម្លើយសារភាពថា នៅឆ្នាំ១៩៤៩ កាត់បានចេញទៅរៀននៅប្រទេសបារាំង។ នៅខែវិច្ឆិកា ពេលទៅដល់ប្រទេសបារាំង គាត់បានទៅរក ឌុក រ៉ាស៊ី ដែលធ្លាប់រៀនសូត្រជាមួយបងប្រុសរបស់ខ្លួន។ បន្ទាប់មក ឌុក រ៉ាស៊ី ក៏បាននាំគាំត់ទៅជួប សម សារី និង ម៉ៅ សាយ(ដែលពីមុនមកពុំធ្លាប់ស្គាល់គ្នាសោះ)។ គោលបំណងរបស់គាត់ (ហួត សម្បត្តិ) ដែលទៅស្រុកបារាំងនោះ គឺចង់ធ្វើចលនាបណ្តេញអាណានិគមនិយមបារាំងចេញឱ្យអស់ពីកម្ពុជា ដើម្បីបន្តបេសកកម្មបងប្រុសរបស់ខ្លួនដែលបានស្លាប់ដោយសារស្នាដៃអាណានិគមបារាំង។

លោកហួត សម្បត្តិ
លោកហួត សម្បត្តិ

គាត់បានទៅជួប ហើយទាក់ទងជាមួយ សាក់ដុយក្លូ និងអង់ដ្រេ ម៉ាទី ដែលជាសមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តបារាំង (កាលឆ្នាំ១៩៥០ អង់ដ្រេ ម៉ាទី មិនទាន់ត្រូវបានគណៈកម្មាធិការមជ្ឈិមបណ្តេញចេញពីបក្សនៅ ឡើយទេ)។ ជនជាតិបារាំងទាំងពីររូបនេះបានឱ្យកាត់ទៅជួបនឹងបក្សកុម្មុយនីស្តឥណ្ឌូចិន (ដែលមានវៀតណាមជាអ្នកដឹកនាំ)។ បារាំងចង់ឱ្យកម្ពុជា ធ្វើជារណបវៀតណាម ហើយពេលនោះ សម សារី និង ម៉ៅ សាយ បានប្រាប់គាត់ថា៖ «មានតែផ្លូវមួយគត់ គឺចូលដៃជាមួយចក្រពត្តិអាមេរិក ពីព្រោះមានតែចក្រពត្តិអាមេរិកទេដែលអាចបង្ខំឱ្យបារាំងផ្តល់ឯករាជ្យដល់កម្ពុជា។ ចំណែកពួកកុម្មុយនីស្តគ្មានលទ្ធភាពនឹងបណ្តេញបារាំងបានទេ»។ សម សារី, ម៉ៅ សាយ និង ឌុក រ៉ាស៊ី គឺជាអ្នកប្រឆាំងមិនឱ្យពួកកុម្មុយនីស្តចូលស្រុកខ្មែរ។ គាត់បានដឹងថា សម សារី ជាភ្នាក់ងារសេ.អ៊ី.អានៅឆ្នាំ១៩៥៨ (ពេលក្បត់ជាមួយ ដាប ឈួន)។ រីឯ ម៉ៅ សាយ និង ឌុក រ៉ាស៊ី គឺជាភ្នាក់ងារសេ.អ៊ី. អា ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០៕