ក្រោយគេហទំព័រ Amapapa News ដែលគេដឹងថាជារបស់លោក សុខសុវណ្ណ វឌ្ឍនាសារប៊ុង ហៅWilliam Guang ប្រធានគណបក្សខ្មែរក្រោក កាលពីយប់ម៉ោង៧ និង១៤នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា៖ «ខ្មែររវល់រឿងកូវីដ ទាហានវៀតណាមឆ្លងព្រំដែនមកដេញពលរដ្ឋខ្មែរលើដីខ្មែរ» មក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន ចានចេញសេចក្ដីជូនដំណឹងមួយ ដោយចាត់ទុកព័ត៌មានខាងលើ ជាព័ត៌មានក្លែងក្លាយ និងដំណឹងមិនពិត ហើយបានដាក់គេហទំព័រ Amapapa News នេះ ចូលទៅក្នុងបញ្ជីគេហទំព័រដែលផ្សព្វផ្សាយព័ត៌មានមិនពិត។

ជាមួយគ្នានោះ អាជ្ញាធរមានសមត្ថកិច្ចក៍បានបញ្ជាក់ថា ព័ត៌មានដែលបានផ្សាយខាងលើ ជាព័ត៌មានក្លែងក្លាយ និងបានបញ្ចាក់ថា ទីតាំងនៅក្នុងរូបថតដែលគេហទំព័រ Amapapa News ចុះផ្សាយនោះជាកន្លែងដីចំការកៅស៊ូរបស់វៀតណាម នៅចន្លោះបង្គោលព្រំដែន លេខ117 ទៅលេខ118 ក្រោមការគ្រប់គ្រងរបស់ច្រកទ្វារអន្ដរជាតិត្រពាំងផ្លុង។ ចំការកៅស៊ូនេះភាគីវៀតណាមទទួលអាស្រ័យផលយូរឆ្នាំមកហើយ។ សូមប្រជាពលរដ្ឋទាំងអស់កុំមានការយល់ច្រឡំ!។

ក្រោយគេហទំព័រ Amapapa News ត្រូវបានចូលទៅក្នុងបញ្ជីគេហទំព័រដែលផ្សព្វផ្សាយព័ត៌មានមិនពិតមក លោក សុខសុវណ្ណ វឌ្ឍនាសារប៊ុង ហៅWilliam Guang ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចេញសេចក្ដីឆ្លើយតបបំភ្លឺមួយថា៖ ទាក់ទងនឹងការឆ្លើយតបពីអាជ្ញាធរមូលដ្ឋាន Amapapa News មិនទាន់ទទួលបានការបំភ្លឺយ៉ាងណានៅឡើយដែរ ទៅលើការលើកឡើងរបស់ប្រជាពលរដ្ឋ តែប្រសិនបើមានការឆ្លើយតបយ៉ាងណានោះ Amapapa News នឹងធ្វើការផ្សាយជូនបន្ថែម។

យ៉ាងណា Amapapa News ក៏បានធ្វើការកែតម្រូវចំណងជើងផងដែរ ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំនឹងជំងឺ Covid-19។
«ខ្មែររវល់រឿងកូវីដ ទាហានវៀតណាមឆ្លងព្រំដែនមកដេញពលរដ្ឋខ្មែរលើដីខ្មែរ» ។

Amapapa News សង្ឃឹម អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដក Amapapa News ចេញពីបញ្ជីបញ្ជីគេហទំព័រដែលផ្សព្វផ្សាយព័ត៌មានមិនពិត៕