ខេត្តឧត្តរមានជ័យ ៖ ចាប់តាំងពី​ថ្ងៃ​ទី​២២ រហូត​ដល់​ថ្ងៃ​ទី​២៦ មីនា ២០២០​នេះ អាជ្ញាធរ​តាម​ព្រំដែន​ទូ​ទាំង​ប្រទេស បាន​ក្ដាប់​បាន​ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ បាន​វិល​ពី​ប្រទេស​ថៃ ចូល​ដល់​ស្រុក​កំណើត​វិញ មាន​ប្រមាណ​ជាង ៤​ម៉ឺន​នាក់ ។​

​តួលេខ​ខាងលើ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២០​នេះ នៅ​ក្នុង​ឱកាស​ដែល​សម្តេច បាន​អញ្ជើញ​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់ ជាមួយ​មន្ត្រី​នៃ​អង្គភាព និង​ស្ថាប័ន​នានា នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ ។​

​សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ថ្លែង​ថា នៅ​ពេល​ពលរដ្ឋ​ខ្មែរ​យើង បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មក​ប្រទេស​កម្ពុជា​វិញ មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​ទាំងអស់ ត្រូវ​ត្រៀមលក្ខណៈ​ទទួល និង​ត្រូវ​មាន​វិធានការ​ម៉ឺងម៉ាត់​តាម​ក្បួន​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ជំងឺ​នេះ ។​

​សម្ដេច​ក្រឡាហោម បន្ថែម​ថា អាជ្ញាធរ​ខេត្តឧត្តរមានជ័យ ក៏​ត្រូវ​ស្នើ​សុំ​កិច្ចសហការ​ជាមួយ​ភាគី​ថៃ ដើម្បី​កំណត់​ជាក់លាក់ នូវ​ច្រក​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ឆ្លង​ដែន​វិល​ចូល​ប្រទេស​ដែរ ។​

​យ៉ាងណា​ក៏​ដោយ​សម្ដេច​ក្រឡាហោម ក៏​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត ត្រូវ​ត្រៀម​មន្ត្រី​ពាក់ព័ន្ធ នៅ​តាម​បណ្ដា​ច្រករបៀង​មួយ​ចំនួន ដើម្បី​ធានា​ថា ប្រ​សិន​ពលរដ្ឋ​ខ្លះ​ងាក​ទៅ​ឆ្លង​ដែន​តាម​ច្រករបៀង គឺ​យើង​អាច​គ្រប់គ្រង​ពួក​គាត់​បាន ទាំង​ការ​កំណត់​អត្តសញ្ញាណ និង​ការ​ពិនិត្យ​សុខភាព ហើយ​តំណាលគ្នា​នេះ ក៏​ត្រូវ​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​អប់រំ ពួក​គាត់​ឱ្យ​បានដឹង​ពី​សារៈសំខាន់ នៃ​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សិន ពេល​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ និង​អ្នក​ភូមិ​៕