រាជធានីភ្នំពេញ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់អាក្រាតកាយយ៉ាងអាណោចអាធ័ម នៅចំណុចក្នុងព្រៃសង្កែ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៤៥នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ដេកស្លាប់ទាំងអាក្រាតកាយ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានពលរដ្ឋម្នាក់បានធ្វើដំណើរឆ្លងកាត់នៅចំណុចកើតហេតុ ទើបប្រទះឃើញសពជនរងគ្រោះស្លាប់ទាំងអាក្រាតកាយ ហើយក៏បានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យសពជនរងគ្រោះ ។ តាមការធ្វើកោសល្យវិច័យរបស់ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារការអត់អាហារជាច្រើនថ្ងៃ ទើបបណ្តាលឲ្យគាំងបេះដូងស្លាប់ មិនពាក់ព័ន្ធករណីឃាតកម្ម ឬជំងឺ Covid-19 ឡើយ ។
បន្ទាប់មក សមត្ថកិច្ចបានសម្រេចដឹកសពជនរងគ្រោះយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីធ្វើការស្រាវជ្រាវរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ជាមួយគ្នានេះដែរ សមត្ថកិច្ចបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណា ដែលបាត់សមាជិតក្រុមគ្រួសារដែលមានដូចភិនភាគខាងលើ សូមប្រញាប់មកទាក់ទងសមត្ថកិច្ចមូលដ្ឋានខាងលើ៕