ខេត្តបាត់ដំបង៖ ក្រោយបញ្ចប់ជំនួបសំណេះសំណាលជាមួយមន្ដ្រីរាជការនៅខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្ដេចស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រសិនបើចំនួនអ្នកឆ្លងជំងឺ COVID-19 នៅតែបន្ដកើនឡើង ជៀសមិនផុតពីការដាក់ប្រទេសកម្ពុជា ក្នុងគ្រាអាសន្ននោះទេ។

សម្ដេចស ខេង នៅ ថ្លែងយ៉ាងដូច្នេះថា៖ «មកដល់ពេលនេះ គឺមិនទាន់មានទេ (ដាក់ប្រទេសក្នុងគ្រាមានអាសន្ន) ប៉ុន្ដែសម្ដេចតេជោ លោកមានប្រសាសន៍ថា កំពុងពិចារណា ខ្ញុំគិតថាប្រសិនណាជាស្ថានភាព វាកាន់តែរីកចំនួនអ្នកផ្ទុកមេរោគ COVID-19នេះ គឺជៀសមិនផុតទេ ប៉ុន្ដែក្នុងស្ថានភាពបច្ចុប្បន្នក្នុងកម្រិតប៉ុណ្ណឹង ប្រហែលជាមិនទាន់មានទេ… »។

ជាមួយគ្នានេះសម្ដេច ស ខេង បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ តាមតួលេខដែលសម្ដេចទទួលបានពីអគ្គស្នងការនគរបាលជាតិ ចំនួនពលករខ្មែរដែលបានចាកចេញពីប្រទេសថៃ មានចំនួនប្រមាណ២១,០០០នាក់ ក្រោយប្រទេសនេះ បានប្រកាសបិទព្រំដែនបណ្ដោះអាសន្នជាមួយកម្ពុជា ហើយសម្ដេចក៏បានណែនាំឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវធ្វើការស្រង់បញ្ជីចំនួនពលករ ដែលត្រឡប់មកពីប្រទេសថៃ ឲ្យបានច្បាស់លាស់។

សូមជម្រាបថា ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រមាណ៤០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយសូមព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឲ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា។

សម្តេចហ៊ុន សែន បានបញ្ជាក់បន្ថែមថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩នេះ មានប្រទេសដទៃបានធ្វើរួចហើយ ដូចជាប្រទេសថៃ ប្រទេសឥណ្ឌា ក៏បានប្រកាសរួចហើយដែរ ហើយសម្តេចកំពុងឲ្យមានការសិក្សាអំពីវិសាលភាព នៃការដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ៕