ភ្នំពេញ៖ កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ធនាគារអេស៊ីលីដា បានរៀបចំកម្មវិធី Roadshow ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួន ដោយក្នុងនោះមានការចូលរួមយ៉ាងច្រើនពីសំណាក់ លោក-លោកស្រីដែលជាវិនិយោគិន ព្រមទាំងក្រុមអ្នកសារព័ត៌មានជាតិ ។

ធនាគារអេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារពាណិជ្ជទី១ នៅកម្ពុជាដែលនឹងចុះបញ្ជី បោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូង ជាសាធារណៈនៅគណៈកម្មការមូលបត្រកម្ពុជា (ផ.ម.ក.)។ ធនាគារគ្រោងនឹងបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិថ្មីចំនួន ៨,៧៥១,៣៩១ភាគហ៊ុន និងភាគហ៊ុនដែលមានស្រាប់ រហូតដល់១៣,១២៧,០៨៦ភាគហ៊ុន ដល់សាធារណជន។
លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងឲ្យដឹងថា ការរៀបចំកម្មវិធីបង្ហាញព័ត៌មានលម្អិត Roadshow ដើម្បីបង្ហាញដល់វិនិយោគិន អំពីទិដ្ឋភាពទូទៅនៃអាជីវកម្មហិរញ្ញវត្ថុរបស់ធនាគារ ពេលវេលារំពឹងទុកនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និងការរៀបចំខ្លួនរបស់វិនិយោគិន ដើម្បីទិញភាគហ៊ុនរបស់ធនាគារ។

លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ យើងមានសន្ទុះនៃការវិវត្តជួញដូរច្រើន ហើយនៅដើមឆ្នាំ២០២០ សន្ទុះនៃការជួញដូរនៅតែមាន។
សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា ជាក្រុមហ៊ុនទី៦ ដែលបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈ និងជាធនាគារពាណិជ្ជទី១ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ ៕