រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន មាន​បំណង​រៀបចំ​ពិធីជប់លៀង​ជូន​ភ្ញៀវ​ទេសចរ​ដែល​ជាប់​ក្នុង​នាវា MS Westerdam អោយ​បាន​ស្គាល់​បេះដូង​មនុស្សធម៌​កម្ពុជា​ពិត ​នេះបើតាមរយៈហ្វេ​ស​ប៊ុ​កផេកផ្លូវការរបស់សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អោយដឹងថា កាលពីព្រឹកថ្ងៃ​ទី​១៧ ខែកុម្ភៈ ២០២០ នៅ​ក្នុង​ពិធី​បូក​សរុប​ការងារ​របស់​«​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​» នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ បាន​បង្ហាញ​អារម្មណ៍​សង្វេគ និង​អាណិតអាសូរ​យ៉ាង​ខ្លាំង​ដល់​អ្នក​ធ្វើ​ដំណើរ​ជាង ២,២០០​នាក់ ដែល​ត្រូវ​បាន​ជាប់​នៅ​ក្នុង​នាវា​ទេសចរណ៍​ដ៏​ធំ​មួយ Ms Westerdam ដែល​ត្រូវ​បាន​កម្ពុជា​ទទួល​ស្វាគមន៍ អោយ​ចូល​សំចត នៅ​កំពង់​ផែ​ ក្រុងព្រះសីហនុ​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ។​

​ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់ ភាព​កក់ក្តៅ និង​បេះដូង​មនុស្សធម៌​ពិត​របស់​កម្ពុជា ចំពោះ​ភ្ញៀវ​ទេសចរ​ទាំងអស់ មក​ពី​នាវា MS Westerdam សម្តេច​តេ​ជោ ហ៊ុន សែន មាន​បំណង​នឹង​រៀបចំ​ពិធីជប់លៀង​ជូន​ពួក​គេ​ទៀត​ផង ហើយ​សម្តេច​តេ​ជោ ក៏​គ្រោង​នឹង​អញ្ជើញ​មន្ត្រី​តំណាង​ទូត នៃ​ប្រទេស​នីមួយ​ៗ ដែល​មាន​ពលរដ្ឋ​របស់​ខ្លួន​កំពុង​ជាប់​នៅ​កម្ពុជា ក្នុង​នាវា​ទេសចរណ៍​នេះ មានឱកាស​បាន​មក​ជួប​សួរសុខទុក្ខ និង​ចូលរួម​រក​មធ្យោបាយ​ផ្សេង​ៗ ដើម្បី​ជួយ​ពលរដ្ឋ​ខ្លួន​អោយ​ឆាប់​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ ។​

​ពិត​ណាស់ ចំពោះ​នាវា​ទេសចរណ៍​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​ជាង ២,០០០​នាក់ ដែល​បាន​មក​ដល់ទី​សុវត្ថិភាព​ក្នុង​ទឹកដី​កម្ពុជា​ហើយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បញ្ជាក់​ច្បាស់​ណាស់​ថា បើ​សា​ម៉ី​ប្រទេស​គេ​មិន​ទទួលខុសត្រូវ​ទេ គឺ​កម្ពុជា​នឹង​បន្ត​មើលថែ​ពួក​គេ​រហូត​ដល់​ថ្ងៃ​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ ។​

សូម​ជម្រាបផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​អោយ​អ្នកទេសចរ​ចំនួន​ ៥០០នាក់ បាន​មក​ស្នាក់​នៅ​បណ្តោះអាសន្ន នៅ​សណ្ឋាគារ​សុខា​ទីក្រុង​ភ្នំពេញ ដើម្បី​រៀបចំ​សំបុត្រ​យន្តហោះ​ចេញពី​កម្ពុជា​ឆ្ពោះទៅ​កាន់​ប្រទេស​កំណើត​ពួក​គេ​វិញ ក្រោយ​ពី​បាន​ពិនិត្យ​សុខភាព​យ៉ាង​ហ្មត់ចត់ ទៅ​លើ​អ្នកទេសចរ​មួយ​ចំនួន ដែល​គ្មាន​សញ្ញា​វិជ្ជមាននៃ​មេរោគ​កូ​រ៉ូ​ណា ឫកូ​វី​ដ​១៩ (COVID-19​​) នោះ​ទេ ៕