ខេត្តកំពង់ស្ពឺ៖ និស្សិតស្រី២នាក់ ខណៈកំពុងបើកម៉ូតូឌុបគ្នាធ្វើដំណើរសុខៗមិនចាប់អារម្មណ៍រឿងគ្រោះថ្នាក់ ស្រាប់តែរថយន្ត១គ្រឿងបើកមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង០៨ និង២០នាទីព្រឹកថ្ងៃទី១៦ខែកុម្ភ: ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦០-៦១ ស្ថិតនៅភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច។

យុវតីរងគ្រោះ មានឈ្មោះតេង វូវជី អាយុ២២ឆ្នាំ រស់នៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេខេត្តឧត្តរមានជ័យ និងម្នាក់ទៀត មានឈ្មោះតែ សុជា អាយុ២២ឆ្នាំ ប្រាសាទបាគង សៀមរាប។ យុវតីរងគ្រោះទាំង២នាក់ ជានិស្សិតរៀនឆ្នាំទី៣ ផ្នែករូបវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវតីរងគ្រោះទាំង២នាក់ បានបើកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1O-1019 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីកើតទៅលិច ។

លុះពេលដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកនីស្សាន់មួយបាំងកន្លះ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2F-6368 បើកបរដោយឈ្មោះហ៊ល យឿន ភេទប្រុស អាយុ៦៩ឆ្នាំ មានទីលំនៅភូមិសារាយ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទិសដៅបញ្ច្រាសគ្នាបោះពួយយ៉ាងលឿន ហើយបានជ្រុលបុកក្មេងស្រីរងគ្រោះយ៉ាងណាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើការវាស់វែង និងកំណត់ហេតុយកយានយន្តពាក់ព័ន្ធយករក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ ដោយឡែក សពយុវតីរងគ្រោះ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕