យោងតាមប្រភពព័ត៌មាន រុស្ស៊ី RT ដកស្រង់របាយកាណ៍ ពីវិជ្ជាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ចេញផ្សាយកាលពីថ្ងៃ សៅរ៍ទី ១៥ កុម្ភៈ ២០២០ បាន ឲ្យដឹងថា កាលពីឆ្នាំ ២០១៩ សហរដ្ឋអាមេរិក គឺជាប្រទេសដែលចំណាយទៅលើវិស័យការពារជាតិច្រើនជាងគេបំផុតនៅលើពិភពលោក។

របាយកាណ៍ខាងលើបានឲ្យដឹងថា ការចំណាយទៅលើយោធាកាលពីឆ្នាំ២០១៩ ក្នុងចំណោមប្រទេស១៧០ បានកើនឡើង៤ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលជាការចំណាយកម្រិតខ្ពស់បំផុតនៅក្នុរយៈពេលមួយទសវត្សរិ៍ចុងក្រោយនេះ ។
របាយការណ៍ដដែលខាងលើនេះ បានឲ្យដឹងទៀតថា សហរដ្ឋអាមេរិក បានចំណាយលុយ៦៨៥ពាន់លានដុល្លារ ទៅលើវិស័យការពារជាតិ កាលពីឆ្នាំ ២០១៩ កើនឡើងជាង៥៣,៤ ពាន់លានដុល្លារ នាំមុខទៅលើប្រទេសមួយចំនួនដែលចំណាយច្រើនទៅលើវិស័យយោធា រួមមាន៖ ចិន អារ៉ាប៊ីសាអ៊ូឌីត រុស្ស៊ី ឥណ្ឌា ចក្រភពអង់គ្លេស បារាំង ជប៉ុន អាល្លឺម៉ង់ កូរ៉េខាងត្បូង ប្រេស៊ីលនិងអ៊ីតាលី។
ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានបង្កើនកញ្ចប់ថវិកាវិស័យការពារជាតិរបស់ខ្លួនជាបន្តបន្ទាប់ ជាពិសេសចាប់តាំងពីលោក ដូណាល់ត្រាំឡើងកាន់អំណាចកាលពីឆ្នាំ ២០១៦។

បន្ទាប់ពីអាមេរិក មហាអំណាចសេដ្ឋកិច្ចចិន ឈរលំដាប់ទី ទៅលើការចំណាយសម្រាប់វិស័យការពារជាតិ ក្នុងទំហំទឹកប្រាក់ ១៨១ពាន់លានដុល្លារ។ ទីក្រុងប៉េកាំង បានបន្តធ្វើទំនើបកម្មនិង ពង្រីកកម្លាំងកងទ័ពរបស់ខ្លួន។ ចំណែកឯអារ៉ាប៊ីសាអ៊ូឌីតឈរលំដាប់លេខ៣ ចំណាយ៧៨,៤ពាន់លានដុល្លារ បន្ទាប់មក រុស្ស៊ី ៦១,៦ពាន់លានដុល្លារ ឥណ្ឌា ៦០,៥ពាន់លានដុល្លារ ។
ជាមួយគ្នានេះដែរការចំណាយទៅលើវិស័យការពារជាតិនៅអឺរុប ក៏កើនឡើងដែរដោយសារតែទីក្រុងវ៉ាស៊ីនតោនទាមទារឲ្យប្រទេសសមាជិកអង្គការណាតូ បង្កើនការចំណាយរបស់ខ្លួន៕