ប្រទេសជប៉ុន៖ យោងតាមទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូ បានដកស្រស់សម្តីរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីរសៀលថ្ងៃសៅរ៍ ទី៨ កុម្ភៈ ឆ្នាំ២០២០នេះថា ជនជាតិជប៉ុនម្នាក់បានបាត់បង់ជីវិតនៅក្នុងទីក្រុងវូហាន (Wuhan) ប្រទេសចិន ក្រោយពីមានការសង្ស័យថា គាត់បានឆ្លងវីរុសកូរ៉ូណាថ្មី ហើយនេះគឺជាករណីដំបូងបំផុតដែលមានជនជាតិជប៉ុនបានបាត់បង់ជីវិត។

បុរសដែលបានបាត់បង់ជីវិតនោះ មានអាយុជាង៦០ឆ្នាំ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យទីក្រុងវូហាន តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០មកម្ល៉េះ ខណៈដែលគាត់មានអាការៈរលាកសួតធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា មន្ត្រីទីក្រុងវូហាន បានផ្តល់ព័ត៌មានអំពីបុរសរងគ្រោះនេះ ​ទៅកាន់រដ្ឋាភិបាលជប៉ុនផងដែរ ពាក់ព័ន្ធការធ្វើតេស្តរកមើលវីរុសកូរ៉ូណាថ្មី នៅក្នុងខ្លួនជនជាតិជប៉ុនរូបនេះ ប៉ុន្តែក្រុមគ្រូពេទ្យចិននៅតែមិនទាន់អាចបញ្ជាក់ថា បុរសវ័យ៦០ឆ្នាំរូបនេះពិតជាបានឆ្លងវីរុសកូរ៉ូណាថ្មីនេះ ឬមួយក៏អត់នោះឡើយទេ។

គួរបញ្ជាក់ថា នៅប្រទេសជប៉ុនវិញគិតត្រឹមថ្ងៃសៅរ៍នេះ មនុស្សចំនួន ៨៩នាក់ហើយ​ត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណាថ្មី ដោយក្នុងនោះគឺបូករួមទាំងក្រុមអ្នកទេសចរ​ចំរុះជាតិសាសន៍នៅក្នុងកប៉ាល់ខ្នាតធំមួយគ្រឿង ដែលកំពុងចតនៅកំពង់ផែយ៉ូកូហាម៉ា (Yokohama)។ ដោយឡែកអាជ្ញាធរចិននៅព្រឹកថ្ងៃសៅរ៍ បានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី នៅទូទាំងផ្ទៃប្រទេស ក្នុងនោះចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៧២២នាក់ និងឆ្លង ៣៤,៥៤៦នាក់នៅក្នុងខេត្ត និងតំបន់សរុបចំនួន ៣១ របស់ចិន៕

ប្រភព៖ ក្យូដូ