រាជធានីភ្នំពេញ៖ ក្រោយពីឈានជើងចូលប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ អ្នកនាងទូច ស្រីលក្ខណ៍ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញធ្វើឲ្យមហាជនស្គាល់ និងគាំទ្រនាងពេញផ្ទៃប្រទេស ដូចអ្វីដែលសាមីខ្លួននាងចង់បានមែន។

អ្នកនាងទូច ស្រីលក្ខណ៍ មិនត្រឹមតែមានសមត្ថភាពសម្តែងប៉ុណ្ណោះទេ សូម្បីតែទឹកដមសំឡេងនាង ក៏ពីរោះរណ្តំដែរ ជាសេស បទ«សុភមង្គលមិនមែនឋិតតែលើលុយមួយមុខ» និងបទ«បានត្រឹមឆែកមើល Profile» និងបទ «មេម៉ាយមានអី មិនល្អ» ទទួលបានការពេញនិយមជាខ្លាំង ។ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ គេមិនដឹងថា តារាសម្តែង និងចម្រៀងស្រីរូបនេះ ជួបនឹងបញ្ហាអ្វីទេ ស្រាប់តែនាងបង្ហោះសារថា ចង់ទៅបួសមួយរយៈ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

អ្នកនាងទូច ស្រីលក្ខណ៍ បានបង្ហោះសារនៅលើហ្វេសប៊ុកថា «គ្រប់យ៉ាង គឺមានតែប៉ុណ្ណឹង ទុក្ខរាប់ទ្វេររបស់មនុស្សយើម្នាក់ៗ គឺមានច្រើនសឹងរាប់មិនអស់ ខ្ញុំចង់ទៅបួសមួយរយៈពេល តែក្នុងចិត្តមិនទាន់បានស្ងប់ ព្រោះខ្ញុំនៅមានភារៈកិច្ចច្រើនចំពោះកូន នឹងភាពទទួលខុសត្រូវនឹងការងារ ក្នុងនាមជាមនុស្សដែលមិនយករឿងការងារមកលាយឡំនឹងបញ្ហារផ្ទាល់ខ្លួន👈 បើមានឱកាសថ្ងៃណាមួយខ្ញុំនឹងធ្វើឲអោយចិត្តមួយនេះ បានស្ងប់នៅទីកន្លែងមួយដែលខ្ញុំចង់ទៅ»។
ជុំវិញនឹងសារខាងលើនេះ «KBN» មិនទាន់សុំការបញ្ជាក់បន្ថែមពីអ្នកនាងទូច ស្រីលក្ខណ៍ ដោយផ្ទាល់បានទេ៕