ខេត្តកំពង់ស្ពឺ៖ បុរសជាអតីតប្តីម្នាក់ ទំនងអត់យូរ ជូរមាត់ សម្រេចចិត្តឡើងទៅលើផ្ទះអតីតប្រពន្ធ ចាប់រំលោភនាងរហូតបានសម្រេច ហើយថាស្មានតែធ្វើរបៀបនេះប្រពន្ធបានសុខស្រួលជានាគ្នាជាមួយខ្លួនវិញ ដឹងអី ស្រីជាអតីតប្រពន្ធ ប្ដឹងឲ្យសមត្ថកិច្ចយកទៅដាក់គុកទៅវិញ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២០ នៅភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន ។
ជនរងគ្រោះជាអតីតប្រពន្ធ ឈ្មោះគ.ច.ធ អាយុ៣៦ឆ្នាំ ។ ចំណែកបុរសជាអតីតប្តី និងជាជនសង្ស័យ ឈ្មោះ ទៀង សីហា អាយុ៣៩ឆ្នាំ ។ ប្ដីប្រពន្ធនេះបានលែងលះគ្នាអស់រយៈពេល៣ឆ្នាំមកហើយ ។

ស្រីអតីតប្រពន្ធបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីក្បាលព្រលប់ នាងបានរៀបចំហូបបាយជាមួយកូន ហើយបាននាំគ្នាសម្រាកនៅលើផ្ទះ ដោយបានចាក់សោរទ្វារបង្អួចយ៉ាងត្រឹមត្រូវ ។ ពេលកំពុងតែលង់លក់ ស្រាប់តែឮសូរសំឡេងធាក់ទ្វារ ។ ដំបូងនាងគិតស្មានថា ជាចោរគាស់ផ្ទះ នាងបានងើបមើលម៉ោងគឺម៉ោង៣ ជិត៤ទៀបភ្លឺ ហើយនាងចេញពីមុង ស្រាប់តែលេចមុខបុរសជាអតីតប្តី បានចាប់នាងច្របាច់កនាងហើយផ្ដួលធ្វើសកម្មភាពចាប់រំលោភនាងរហូតបានសម្រេច ទើបលែងនាងវិញ ។
ក្រោយពេលធ្វើសកម្មភាពរំលោភខ្លួនរួចហើយ បុរសជាអតីតប្តីបានចុះពីលើផ្ទះធ្វើព្រងើយហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងអីចឹង ។ ពេលនោះ នាងបានទូរស័ព្ទប្ដឹងសមត្ថកិច្ចនគរបាលឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនអតីតប្ដីកំហូចរូបនេះដើម្បីចាត់ការតាមច្បាប់ ។

បុរសជាអតីតប្តី និងជាជនសង្ស័យបានឆ្លើយសារភាពថា មុនពេលសម្រេចចិត្តបែបនេះ ខ្លួនបានចូលនិយាយលួងលោមប្រពន្ធច្រើនដងមកហើយ ដើម្បីសុំជានាត្រូវគ្នាវិញ ព្រោះតាំងពីលែងលះគ្នាអស់រយៈពេលបីឆ្នាំមកហើយ ខ្លួនមិនដែលទៅមានស្រីញីឯណានោះទេ ។ ដោយនៅតែនឹកស្រឡាញ់ប្រពន្ធនៅឡើយ ខ្លួនក៏សម្រេចចិត្តធ្វើបែបនេះ ព្រោះស្មានថា ក្រោយធ្វើបែបនេះ នាងនឹងព្រមទទួលយកខ្លួនធ្វើជាប្ដីវិញ តែមិននឹកស្មានថា មិនត្រឹមតែមិនយកខ្លួនជាប្ដីវិញនោះទេ នាងថែមទាំងប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនយកទៅដាក់ទោសតាមច្បាប់ទៀតផង ។
នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បុរសជាអតីតប្តី និងជាជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ហើយ ៕