ភ្នំពេញ៖ ទឹកក្រូចអាយស៍កូឡាដែលជាភេសជ្ជៈកំពុងទទួលបានការពេញនិយមច្រើនក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ននេះបានជ្រើសរើសក្រុមតូច Small World Small Band ជាទូតសុឆន្ទៈផ្លូវការតំណាងភេសជ្ជៈរបស់ខ្លួនចាប់ពីពេលនេះតទៅហើយ។

តារាចម្រៀងវ័យក្មេង សម្លេងពិរោះបែបមនោសញ្ចេតនា លោក ម៉ម ពេជ្ជរិទ្ធ បានបង្ហាញពី អារម្មណ៍ផ្ទាល់ខ្លួនថា៖ « ខ្ញុំពិតជាសប្បាយរីករាយ និង មានមោទកភាពណាស់ដែលក្រុមតូច របស់ពួកខ្ញុំត្រូវបានផ្តល់កិត្តយស និង ទំនុកចិត្ត ដើម្បីធ្វើការផ្សព្វផ្សាយណែនាំពីរសជាតិ ដ៏ផ្អែមឆ្ងាញ់ និងផលិតឡើងដោយបច្ចេកវិទ្យាអាល្លឺម៉ង់ គ្រឿងផ្សំពីសហរដ្ឋអាមេរិករបស់ទឹកក្រូចអាយស៍កូឡាទៅដល់ពលរដ្ឋកម្ពុជាជាពិសេសដល់យុវវ័យ ដែលចូលចិត្តភាពសប្បាយរីករាយជាមួយតន្ត្រីរបស់ពួកយើងតែម្តងហើយរូបខ្ញុំផ្ទាល់ ខ្ញុំចូលចិត្តញុំាអាយស៍កូឡាជាប្រចាំរាល់ពេលអាហាររបស់ខ្ញុំ»។

រីឯតារាចម្រៀងស្រីមានក្តីស្រមៃខ្ពស់ក្នុងក្រុមនេះដែរកញ្ញា កេសរ ក៏បានលើកឡើងនូវការស្រមើស្រមៃមួយប្រកបដោយទឹកមុខសប្បាយរីករាយផងដែរថា៖ «សាកស្រមៃមើល បើបងប្អូនទាំងអស់គ្នាស្តាប់ចម្រៀងមនោសញ្ចេតនាអន្លង់អន្លោច ឬក៏កន្រ្តាក់អារម្មណ៍ពីក្រុមតូចបណ្តើរ ហើយមានទឹកក្រូចអាយស៍កូឡាដ៏ត្រជាក់នៅក្នុងដៃក្រេបបណ្តើរ ហ៊ោបណ្តើរ លើកកំប៉ុងគ្រវីចុះឡើង ជាមួយចង្វាក់ភ្លេងរបស់យើង តើវាមិនកាន់តែសប្បាយរីករាយខ្លាំងឡើងទេឬយ៉ាងណា»?

លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ « យើងសប្បាយចិត្តណាស់ដែលក្រុមតូច Small World Small Band ចូលចិត្តរសជាតិទឹកក្រូចដែលផលិតឡើងអនុលោមទៅតាមស្តង់ដារអន្តរជាតិហើយថែមទាំងស្ម័គ្រចិត្តណែនាំភេសជ្ជៈដែលមានទាំងគុណភាព និង រសជាតិផ្អែមឆ្ញាញ់នេះទៅពលរដ្ឋកម្ពុជា និង អ្នកគាំទ្ររបស់ខ្លួនថែមទៀត»។

លោកស្រីសង្ឃឹមផងដែរថា កិច្ចសហការរវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយក្រុមតូច Small World Small Band នឹងនាំមកនូវភាពសប្បាយរីករាយកាន់តែច្រើនថែមទៀតដល់អ្នកគាំទ្រ របស់ពួកគេក៏ដូចជាអ្នកនិយមពិសាទឹកក្រូចអាយស៍ផងដែរ។

គួរបញ្ជាក់ថា ក្រុមតូច Small World Small Band គឺជាក្រុមតារាចម្រៀង original ដែលមាន កេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងក្នុងស្រទាប់យុវវ័យហើយបទចម្រៀងដែលល្បីៗរបស់ពួកគេរួមមានដូចជា “ចាប៉ីបុណ្យភូមិ” “ឆ្ងាយ” “ចង់ក្បែរ” “ជិត” “ស្នាមថើបដំបូង” “បើអាច” “រង់ចាំ” “កុំខឹង…” ៕