ភ្នំពេញ៖ ឆ្លើយតបទៅនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណា ដ៏កាចសាហាវ អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលជាអង្គការមិនមែនរដ្ឋាភិបាលបាន​អំពាវនាវដល់ប្រជាពរលដ្ឋកម្ពុជា សូមនាំគ្នាគាំទ្រគោរពច្បាប់ ហើយឈប់បរិភោគសាច់សត្វព្រៃ ខណៈពេលដែលវីរុសកូរ៉ូណាឆ្លងមកដល់ប្រទេសកម្ពុជា។

បើតាមសេចក្តីអំពាវនាវ​ដែលទទួលនៅថ្ងៃទី៣១មករានេះ បញ្ជាក់ថា«វីរុសកូរ៉ូណានេះត្រូវបានគេតាមដានរកប្រភពចេញពីការការបរិភោគសាច់សត្វព្រៃ និងត្រូវបានគេជឿជាក់ច្បាប់ថាពិតជាមានប្រភពចេញពីផ្សារលក់សាច់សត្វព្រៃ នៅទីក្រុងវូហាន ប្រទេសចិន។ វីរុសនេះបានឆ្លងទៅមនុស្សជាង៧.៧០០នាក់ ក្នុង១៨ប្រទេស ទូទាំងពិភពលោក ហើយឥឡូវបានឆ្លងមកដល់ប្រទេសកម្ពុជាហើយនៅសប្តាហ៏នេះ»។
ការបរិភោគសាច់សត្វព្រៃត្រូវបានគេកំណត់អត្ដសញ្ញាណបានថា គឺជាមូលហេតុនៃការឆ្លងវីរុសកូរ៉ូណា ហើយការបរិភោគសាច់សត្វព្រៃក៏ជាដើមហេតុនៃជម្ងឺសារ (SARS) និងជម្ងឺអ៊ីបូឡា (Ebola) ដ៏កាចសាហាវ ។
អង្គការសម្ព័ន្ធសត្វព្រៃសូមអំពាវនាវដល់សាធារណជនទាំងអស់សូមមេត្តាឈប់បរិភោគ និងឈប់ជួញដូរសត្វព្រៃ។ ទោះជាសត្វព្រៃនោះស្លាប់ ឬរស់ក៏ដោយ សត្វព្រៃអាចបង្កើនជាហានិភ័យនៃការឆ្លងជម្ងឺថ្មីបាន ។

កញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមអំពាវនាវថា «អ្នកបរិភោគសាច់សត្វព្រៃកម្ពុជាលំដាប់ខ្ពស់ សូមឈប់បរបាញ់សត្វព្រៃដើម្បីជាជ័យលាភី និងសូមឈប់បញ្ជារទិញសាច់សត្វព្រៃដើម្បីបរិភោគនៅថ្ងៃឈប់សម្រាករបស់លោក-អ្នកទៀតទៅ។ សូមកុំឈប់បរិភោគតែសាច់ជ្រូកព្រៃ និងសាច់ក្តាន់ ប៉ុន្តែសូមឈប់បរិភោគសាច់សត្វពង្រូលផងដែរ ។ គ្រប់ប្រភេទសាច់សត្វព្រៃទាំងអស់នេះ គឺភ្លើងក្រហមដែលជាសញ្ញាគ្រោះថ្នាក់មួយប៉ះពាល់ដល់សុខភាពបរិភោគ ។ ដរាបណាការជួញដូរសត្វព្រៃនៅកម្ពុជានៅតែបន្ត ហានិភ័យចំពោះសុខភាពប្រជាជនកម្ពុជានៅតែបន្តដូចគ្នា»។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃកំពុងប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ តាមរយៈក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ជាក្រុមប៉ូលីសសត្វព្រៃ ដែលតែងតែចុះត្រួតពិនិត្យគ្រប់ហាង និងភោជនីយដ្ឋាននានា ព្រមទាំងធ្វើការឃាត់ខ្លួនអ្នករត់ពន្ធជូញដូរសត្វព្រៃទៅប្រទេសវៀតណាម និងប្រទេសចិន។ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ត្រូវបានគេទទួលស្គាល់ថាជាអង្គភាពអនុវត្តច្បាប់សត្វព្រៃដ៏ល្អជាងគេបំផុតនៅអាស៊ី។

តាំងពីឆ្នាំ២០០១មក អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសង្គ្រោះសត្វព្រៃរស់បានជាង ៧២ ០០០ ក្បាលពីការការជួញដូរខុសច្បាប់ក្នុងប្រទេសកម្ពុជា សត្វនិមួយៗដែលត្រូវបានសង្គ្រោះគឺជាការបញ្ជៀសហានិភ័យមួយនៃការឆ្លងជម្ងឺទៅមនុស្ស។

កញ្ញា ស៊ូវណ្ណា ហ្គោនឡែត លើកឡើងថា ការពង្រឹងអនុវត្តច្បាប់តែមួយមុខគឺមិនគ្រប់គ្រាន់នោះទេ ក្នុងការកាត់បន្ថយការជួញដូរសត្វព្រៃខុសច្បាប់ឲ្យបានច្រើននៅប្រទេសកម្ពុជា។តម្រូវការរបស់អ្នកបរិភោគសាច់សត្វព្រៃចាំបាច់ត្រូវបញ្ឈប់។ ប្រសិនបើយើងអាចកាត់បន្ថយតម្រូវការបាន នោះយើងក៏អាចកាត់បន្ថយការផ្គត់ផ្គង់បានដែរ ។ការកាត់បន្ថយតម្រូវគឺមានន័យថាជាការកាត់បន្ថយហានិភ័យចំពោះសុខភាពសាធារណ»។

បើតាមសេចក្តីអំពាវនាវនេះគឺអង្គការសម្ព័ន្ធមិត្តសត្វព្រៃមានទំនុកចិត្តទៅលើកិច្ចខិតខំប្រឹងប្រែងជាបន្ដរបស់រាជរដ្ឋាភិបាលកម្ពុជា និង ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ ដែលធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ដែលបានរីករាលដាលនៅកម្ពុជា ដើម្បីធានាបាននូវការការពារបរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕