ខេត្តប៉ៃលិន ៖ ក្មេងស្រីទាំង៣នាក់ ត្រូវជនខិលខូចបានបោកបញ្ឆោតជួញដូរទៅប្រទេសថៃ តែសំណាងល្អ ត្រូវសមត្ថកិច្ចជួយសង្គ្រោះទាន់ពេលវេលា ព្រមទាំងបញ្ជូនត្រឡប់ទៅស្រុកកំណើតជួបជុំក្រុមគ្រួសារវិញ។

ក្មេងស្រីរងគ្រោះដែលជួយសង្រ្គោះចេញពីការជួញដូរទៅប្រទេសថៃ ទី១-ឈ្មោះឈ.ភ អាយុ១៨ឆ្នាំ រស់នៅស្រុកកំពងត្រាច ខេត្តកំពត ទី២-ឈ្មោះ ភ.គ.រ អាយុ១៨ឆ្នាំ រស់នៅស្រុងកំពងត្រាច ខេត្តកំពត និងទី៣- ឈ្មោះធ.ស.ន អាយុ១៤ឆ្នាំ រស់នៅស្រុកកំរៀង ខេត្តបាត់ដំបង។

លោកស្រីចន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន បានឱ្យដឹកថា ក្មេងស្រីរងគ្រោះទាំង៣នាក់នេះ ត្រូវបានជនខិលខូចលួងលោម យកទៅលក់ឱ្យថៅកែនៅប្រទេសថៃ ដោយឆ្លងកាត់តាមច្រកស្រុកកំរៀង ហើយត្រូវបានសមត្ថកិច្ចស្រុកកំរៀង ជួយសង្គ្រោះទាន់ពេលវេលា បន្ទាប់មកសមត្ថកិច្ចស្រុកកំរៀង ក៏បានប្រគល់ជនរងគ្រោះឲ្យមកស្នាក់នៅមណ្ឌលគ្រួសារខេត្តប៉ៃលិន ជាបណ្តោះអាសន្ន មុនពេលប្រគល់ជូនដល់ឪពុកម្តាយនាំពួកនាងត្រឡប់ទៅផ្ទះវិញ៕