សៀមរាប ៖ ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Sopheak Love ចែកចាយ​និង​ផ្សព្វផ្សាយ ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ពាក់ព័ន្ធ​ករណី​ជំងឺឆ្លង បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​នោះ ត្រូវ​បាន​សមត្ថកិច្ច ហៅ​មក​សាកសួរ និង​ធ្វើ​កិច្ចសន្យា ឲ្យ​ប​ញ្ឈប់​ការ​ចែកចាយ​ព័ត៌មាន​ប្រឌិត បែប​នេះ​ទៀត នៅ​ថ្ងៃ​ទី​៣០ មក​រា ២០២០​នេះ ។​

​លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ​រង​ខេត្តសៀមរាប បានអោយ​ដឹង​ថា កម្លាំង​សមត្ថកិច្ច ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំង​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​នាំ​ខ្លួន​យុវតី​ម្នាក់​ឈ្មោះ កាន់ សុ​ភ័​ក្រ អាយុ​១៩​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៥ ភូមិ​តា​ព្រហ្ម ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប មានមុខ​របរ​ជាង​អ៊ុតសក់ ដែល​បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក ចែកចាយ និង​ផ្សព្វផ្សាយ ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញ​មាន​ជំងឺ​រលាក​សួត «​កូ​រ៉ូ​ណា​» ក្នុង​ខេត្តសៀមរាប ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ ។​

​នាង​បាន​ចេញ​មុខ​មក​សារភាព​កំហុស​របស់​ខ្លួន និង​បាន​សន្យា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា នឹង​មិន​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​បណ្តាល​ឲ្យ​មានការ​ចលាចល ដល់​ប្រជាជន​ក្នុង​ខេត្តសៀមរាប និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ទៀត​ឡើយ ។ ក្រោយ​ធ្វើ​កិច្ចសន្យា​រួច ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕