ភ្នំពេញ ៖ មេការសំណង់ សង្ស័យថាស្រវឹងស្រា ធ្លាក់ពីលើអគារកម្ពស់៣ជាន់ បណ្ដាលឲ្យបាក់កស្លាប់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

សពជនរងគ្រោះឈ្មោះ ស៊ូ រ៉ាវេត ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរជាមេការសំណង់ ស្នាក់នៅការដ្ឋានកើតហេតុខាងលើ និងមានស្រុកកំណើតនៅក្រុងបាវិត ខេត្តស្វាយរៀង ។
ឈ្មោះ អ៊ុ ប៉ូណា អាយុ៣៥ឆ្នាំ ជាមេការដូចគ្នា បានឲ្យដឹងថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី២៣ ខែមករា រូបគេ និងជនរងគ្រោះបានទិញស្រាបៀរមកផឹកនៅជាន់ទី៣ចំនួន៧កំប៉ុង ដោយជនរងគ្រោះផឹកអស់៣កំប៉ុង ចំណែករូបគាត់ផឹកអស់៤កំប៉ុង រួចក៏បានចុះមកក្រោមសម្រាកវិញ ដោយទុកឲ្យជនរងគ្រោះសម្រាកលើអង្រឹងនៅជាន់ទី៣ ។
លុះដល់ព្រឹកឡើងថ្ងៃទី២៤ ខែមករា ក្រុមកម្មករបានចូលមកធ្វើការជាធម្មតា ក៏ប្រទះឃើញបុរសជនរងគ្រោះបានដេកផ្កាប់មុខស្លាប់នៅខាងក្រោមឯនេះវិញ ។


ក្រោយពែលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យខណ្ឌដង្កោ បានរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសាកសព ទើបដឹងថា សពជនរងគ្រោះពិតជាធ្លាក់ពីលើអគារកម្ពស់៣ជាន់ បាក់កស្លាប់ ពិតប្រាកដមែន រួចធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕