ខេត្តកំពង់ចាម ៖ ក្នុងឱកាសចូលឆ្នាំប្រពៃណីចិន-វៀតណាម មានប្រជាពលរដ្ឋរស់នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ បានដុតធូបសែនកុងម៉ា មិនប្រយ័ត្ន ត្រូវភ្លើងធុបឆ្លងឆេះផ្ទះអស់ចំនួន២ខ្នង ក្លាយជាផេះផង់ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ។
លោកទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះបំផ្លាញនេះ មានឈ្មោះ មីន ផា ភេទប្រុស អាយុ៤៨ឆ្នាំ ផ្ទះទំហំ៨ម៉ែត្រ គុណនឹង១៦ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ឆេះខូចខាតទាំងស្រុង និងមាស៥តម្លឹង ប្រាក់ដុល្លាចំនួន៤០ ០០០ដុល្លា ប្រាក់រៀលចំនួន៧០លានរៀល និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ចំណែក ជនរងគ្រោះម្នាក់ទៀត មានឈ្មោះ លី លាង ភេទប្រុស អាយុ៥៨ឆ្នាំ ផ្ទះទំហំម៉ែត្រ គុណ១៦ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ឆេះខូចខាតទាំងស្រុង និង ប្រាក់ដុល្លាចំនួន៣០០០ដុល្លា ម៉ាស៊ីនកិនស្រូវ១៥សេះ ចំនួន០១គ្រឿង ម៉ាស៊ីនធ្វើនំបញ្ចុក១៥សេះ ចំនួន០១គ្រឿង ស្រូវចំនួន២០បាវ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។
លោកអភិបាលស្រុកបញ្ជាក់ថា ករណីអគ្គិភ័យនេះ កើតឡើង ដោយសារម្ចាស់ផ្ទះមានការធ្វេសប្រហែស ភ្លើងធូប សែនចូលឆ្នាំចិន ហើយបិទទ្វារផ្ទះចោល ហើយហេតុការណ៍នេះ ដោយកងកម្លាំងនគរបាលចេញរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ជួយអន្តរាគមន៍ និងប្រើប្រាស់ទឹកអស់៨ រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ដោយមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕