ភ្នំពេញ៖ បុរស២នាក់កាន់ដបទឹកសុទ្ធមានបង្កប់ថ្នាំញៀនចំនួន២កញ្ចប់ សុំសមត្ថកិច្ចចូលយកទៅឲ្យក្មួយកំពុងជាប់ឃុំនៅអធិការដ្ឋាន សមត្ថកិច្ចប្រចាំការឆែកឃើញ ឃាត់ខ្លួនបានទាំង២នាក់តែម្តង កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី១ ឈ្មោះ សេង ជឿន ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅ ផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិរវៀង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ជាម្ចាស់ថ្នាំញៀន ២កញ្ចប់ ។ ទី២ ឈ្មោះ សោម មករា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ។


មុនពេលឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ខាងលើ ជិះម៉ូតូម្នាក់មួយគ្រឿង មានកាន់យួរទឹកសុទ្ធ២ដប ទឹកដូង២ដប ច្រកចងដៃយួរ បានទៅសុំមន្រ្តីនគរបាល ដែលប្រចាំការ យកទឹកសុទ្ធចូលឲ្យសាច់ញាតិ ដែលសមត្ថកិច្ចចាប់ខ្លួន៤នាក់ និងគ្រឿងញៀន៥៧កញ្ចប់ កាលពីម្សិលមិញនៅ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ។ តែមន្ត្រីនគរបាលប្រចាំការ សុំធ្វើការត្រួតពិនិត្យ ស្រាប់តែប្រទះឃើញ មានថ្នាំញៀន១កញ្ចប់ បង្កប់នៅដបទឹកសុទ្ធ និងមួយកញ្ចប់ទៀត បង្កប់ក្នុងមួក របស់ជនសង្ស័យឈ្មោះ សេង ជឿន ជនសង្ស័យក៍ឆោឡោ បម្រុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់ជាប់ទាំង២នាក់ ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង ។


ជនសង្ស័យ ឈ្មោះ សេង ជឿន បានសារភាពថា ខ្លួនពិតជាបានយកថ្នាំញៀន២កញ្ចប់នេះ មកឲ្យក្មួយកំពុងជាប់ឃុំនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ប្រាកដមែន ៕