ប្រទេស​ចិន ៖ គិត​ត្រឹម​ម៉ោង​១១​និង​២០​នាទី ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០ នេះ អ្នក​ស្លាប់​បាន​ឡើង​ដល់ ១៧​នាក់ និង​ចំនួន​អ្នក​ឆ្លង​វីរុស​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (Coronavirus) បាន​កើន​ដល់ ៥៧៥​នាក់​ហើយ ។​

​បច្ចុប្បន្ន ក្រៅពី​ប្រទេស​ចិន ប្រទេស​ផ្សេង​ៗ​ក៏​មានការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នេះ​ផង​ដែរ ដូច​ជា​ប្រទេស​ថៃ​រក​ឃើញ​ចំ​នួ​ណ​៤​ករណី (​ម្នាក់​ត្រូវ​បាន​សង្គ្រោះ​), កូរ៉េ​ខាងត្បូង ១​ករណី​, ជប៉ុន ១​ករណី​, និង​អា​មេ​រិ​ក ១​ករណី ។​

​ចំណែកឯ​ប្រទេស​សិង្ហ​បុរី ស្ថិត​នៅ​សង្ស័យ​នៅឡើយ​មាន​៧​ករណី​, ហ្វី​លី​ពី​ន សង្ស័យ​៤​ករណី​, និង​អូស្ត្រាលី ១​ករណី​ផង​ដែរ ហើយ​ពួក​គេ​សុទ្ធតែ​មាន​ប្រភព​ពី​ទីក្រុង Wuhan ។​

​វីរុស​ផ្លូវដង្ហើម​ត្រូវ​បាន​អាជ្ញាធរ​ចិន​ប្រកាស​ពី​ការ​រក​ឃើញ​ដំបូង​បំផុត កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វូ​ហាន នៃ​ខេត្ត​ហឺ​ប៉ី (Hubei) ភាគ​កណ្តាល​ប្រទេស​ចិន ហើយ​ប្រភព​ដើម្បី​បំផុត​នៃ​ការ​កកើត​វីរុស ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្លូវដង្ហើម (​សួត​) ចុះ​ទន់ខ្សោយ​ខ្លាំង​នេះ ត្រូវ​បាន​ក្រុម​ជំនាញ​វេជ្ជសាស្ត្រ​ចិន សង្ស័យ​ថា បានក​កើតឡើង​នៅ​ក្នុង​ទីផ្សារ​លក់​គ្រឿង​សមុទ្រ ដ៏​ល្បីល្បាញ​មួយ​ប្រចាំ​ទីក្រុង​៕