ហាណូយ៖ ពិធីបុណ្យសពមន្រ្តីប៉ូលិសបីនាក់ដែលបានស្លាប់កាលពីសប្ដាហ៍មុន នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សា ក្នុងបាតុកម្មតវ៉ារបស់អ្នកភូមិមួយកន្លែងនៅក្បែរទីក្រុងហាណូយ ត្រូវធ្វើឡើងនៅក្នុងប្រទេសវៀតណាម ដោយលោកប្រធានាធិបតីវៀតណាម បានផ្ដល់មេដាយកិត្តិយសដល់ពួកគេទាំងនេះផងដែរ ។
នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។

កាលពីសប្ដាហ៍មុន អាជ្ញាធរវៀតណាម បានបើកប្រតិបត្តិការសន្តិសុខទ្រង់ទ្រាយធំមួយ នៅក្នុងភូមិដុង តេម (Dong Tam) ដើម្បីបង្រ្កាបអ្នកភូមិនាំគ្នាតវ៉ារឿងជម្លោះដីធ្លី។ ក្រុមអ្នកភូមិបានចោទថា អាជ្ញាធរបានរំលោភយកដីរបស់ពួកគេ ទៅសង់របងជញ្ជាំង និងព្រលានយន្ដហោះមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទើបឱ្យពួកគេផ្ទុះកំហឹង ឈានដល់ការប្រើប្រាស់ហិង្សាជាមួយប៉ូលិស រហូតដល់ធ្វើឱ្យប៉ូលិស ០៣នាក់ស្លាប់។ អ្នកភូមិអះអាងថា នេះមកពីប៉ូលិសបានប្រើប្រាស់កម្លាំងជ្រុលហួសហេតុ ហើយក្នុងហេតុការណ៍នោះ ក៍មេដឹកនាំភូមិម្នាក់ អាយុ៨៤ឆ្នាំ ក៍បាត់បង់ជីវិតផងដែរ៕