ភ្នំពេញ៖ សិស្ស២នាក់បងប្អូនជិះម៉ូតូប្រញាប់ទៅសាលា ចៃដន្យជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាជាមួយរថយន្តដឹកសិស្ស បណ្ដាលឲ្យស្លាប់សិស្សជាបង និងប្អូនរបួសធ្ងន់ កាលពីវេលាម៉ោង៦ និង៤៥នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ។

សិស្សដែលបាត់បង់ជីវិត ឈ្មោះ ចន អេលីហ្សាបេត័ ភេទស្រី អាយុ១៥ ឆ្នាំ រស់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកំពិស ខណ្ឌដង្កោ រួមដំណើរដោយ ឈ្មោះ ចន ហ្គាលដាមាល ភេទស្រី អាយុ១៤ឆ្នាំ រស់នៅជាមួយគ្នា(របួសធ្ងន់)។
មុនពេលកើតហេតុ សិស្សរងគ្រោះឈ្មោះ ចន អេលីហ្សាបេត័ បើកបរម៉ូតូមួយគ្រឿងម៉ាក Suzuki SmashV ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV-9295 រួមដំណើរដោយប្អូនឈ្មោះ ចន ហ្គាលដាមាល ។ អ្នកទាំង២ធ្វើដំណើរប្រញាប់ទៅសាលារៀន មកដល់ចំណុចខាងលើបានបុកជាមួយរថយន្តម៉ាក Sanyong ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-7543 ជារថយន្តដឹកសិស្សរបស់សាលាអន្តជាតិ ណាតអេដ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់)។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕