រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជា​ទៅ​លោក កែវ រ៉េ​មី និង​នាយ​ឧត្តមសេនីយ៍ សៅ សុខា ឲ្យ​ស៊ើបអង្កេត​លើ​ករណី​មនុស្ស​ស្លាប់​ដោយសារ​រង​ការ​ធ្វើ​ទារុណកម្ម នៅ​ខេត្តបន្ទាយមានជ័យ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ចេញ​សេចក្តីសម្រេច​បង្កើត គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដើម្បី​ធ្វើ​អធិការកិច្ច​នូវ​បាតុភាព ដែល​បាន​កើតឡើង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ។​

​សម្ដេច​តេ​ជោ​បញ្ជា​បែប​នេះ នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ជា​លើក​ទី​៤ ជាមួយ​អ្នក​សារព័ត៌មាន សរុប​ជិត​៦​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​« ខ្ញុំ​បាន​បញ្ជា​ទៅ កែវ រ៉េ​មី និង​បញ្ជា​ទៅ នាយ​ឧត្ដមសេនីយ៍ សៅ សុខា ឲ្យ​ចាត់តាំង​គណៈកម្មការ​ស្រាវជ្រាវ​បន្ទាន់ លើ​បញ្ហា​ថា មាន​មនុស្ស​ស្លាប់ នៅ​ឯ​ខេត្តបន្ទាយមានជ័យ ដោយសារ​ការ​ធ្វើ​ទារុណកម្ម ប្រសិនបើ​យ៉ាង​ដូច្នេះ​មែន អ្នក​ដែល​ធ្វើ​ឲ្យ​គេ​របួស​ស្នាម រហូត​ដល់​ស្លាប់ ត្រូវ​តែ​ចាប់​យក​មក​ផ្ដ​ទ្ទា​ទោស​ឲ្យ​ខាត​តែ​បាន ដោយ​មិន​មានការ​អត់អោន​ទេ​» ។​

​សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៩ ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ តំណាង​ឱ្យ​៦០០​គ្រួសារ មក​ពី​ឃុំ​ច​ង្ហា​រ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ បាន​នាំ​គ្នា​តវ៉ា នៅ​មុខ​សាលា​ខេត្តបន្ទាយមានជ័យ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត ចេញ​ទៅ​ជួប​ពួក​គាត់​ពន្យល់​អំពី​មូលហេតុ ដែល​មិន​ឱ្យ​ពួក​គាត់​កាន់កាប់​ដី​ទំនាស់ ប៉ុន្តែ​ពេល​នោះ អាជ្ញាធរ​ខេត្ត​មិន​បាន​ចេញ​ជួប​ក្រុម​អ្នក​តវ៉ា​នោះ​ឡើយ ។ នៅ​ថ្ងៃ​នោះ ពលរដ្ឋ​ក៏​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ ដោយ​រង់ចាំ​ក្បែរ​របង​សាលាខេត្ត រហូត​ដល់​ម៉ោង​២​រសៀល ស្រាប់តែ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ជា​ច្រើន​នាក់ ទៅ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ទាំងនោះ និង​បាន​ចាប់​មនុស្ស​៥​នាក់​យក​ទៅ​សាកសួរ ដោយសារ​តែ​ពួក​គេ​បាន​តវ៉ា​រឿង​ទំនាស់​ដី​របស់​ពួក​គាត់​នៅ​ស្រុក​ស្វាយចេក ។ អំឡុង​ពេល​សមត្ថកិច្ច​ឃុំខ្លួន​នោះ មាន​ពលរដ្ឋ​ម្នាក់​បាន​ស្លាប់ និង​៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដោះ​លែង​វិញ​នៅ​ថ្ងៃ​ទី​៣ មក​រា ២០២០ ។​

​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ស្លាប់​នោះ​ឈ្មោះ ទុ​យ ស្រស់ តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​ជ្រៃ ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១ មក​រា ២០២០ គឺ​ក្រោយ​ពេល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចាប់ខ្លួន និង​បញ្ជូន​ទៅ​ដាក់​ឃុំ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ។​ការ​ស្លាប់​នេះ ដោយ​ខេត្ត​បញ្ជាក់​ថា ដោយសារ​តែ​បញ្ហា​ញៀន​ស្រា ប៉ុន្តែ​អ្នក​ជាប់​ឃុំ​ជាមួយ​ចំនួន ចោទ​ថា ដោយសារ​ការ​ធ្វើ​ទារុណកម្ម ដើម្បី​បង្ខំ​យក​ចម្លើយ​សារភាព ។​

លោក នូវ នឿ​ន តំណាង​ម្នាក់ ក្នុង​ចំណោម​មនុស្ស​៣​នាក់​រួម​មាន លោក អាន រួន លោក នូវ នឿ​ន និង​លោក ហ៊ឹ​ម គី​រី ដែល​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ថ្ងៃ​ទី​១២ ខែមករា ២០២០ បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​តាម​រយៈ​មេធាវី អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​លោក​ផ្ទាល់ និង​មនុស្ស​ផ្សេង​ទៀត ។​

​បើ​តាម​លោក នឿ​ន ក្នុងអំឡុងពេល​ចាប់ និង​ឃុំខ្លួន​នោះ គឺ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​វាយ​ធ្វើបាប​ពួក​គាត់​ស្ទើរ​ស្លាប់​។​

​លោក​នូវ នឿ​ន បន្ថែម​ថា​៖ «​ដាក់​ខ្នោះ​រួច​រុញ​ចូល​ក្នុង​ឡាន វ៉ៃ​បន្ថែម បុក​បន្ថែម កាច់ក និង​វ៉ៃ​ពីមុខ​។ អ៊ីចឹង ពួក​ខ្ញុំ​ត្រូវ​បាន​គេ​រុញ​ចូល​ក្នុង​ឡាន​ទាំង​៥​នាក់ រួច​យក​ពួក​ខ្ញុំ​ទម្លាក់​នៅ​មុខ​ដងទង់​ជាតិ ។ ខ្ញុំ​ស្មានថា ឱ្យ​ពួក​ខ្ញុំ​គោរព​ទង់ជាតិ​។ ពួក​ខ្ញុំ គេ​តម្រូវ​ឱ្យ​អង្គុយ​នៅ​មុខ​ដងទង់​ជាតិ​ហ្នឹង​តែ​ម្ដង ។ បន្ទាប់​មក គេ​ឱ្យ​តម្រៀបជួរ​គ្នា ហើយ​ចាប់ផ្ដើម​ទាត់​វ៉ៃ​ម្នាក់​ៗ​បី​បួន​ជើង​ៗ ។ បើ​ខ្ញុំ​វិញ គេ​(​ប៉េ​អឹ​ម​)​ទាត់​បី​ជើង រួច​ថែម​១​ដៃ​ទៀត របូត​ធ្មេញ​មួយ​ចំហៀង​» ។​

​លោក នូវ នឿ​ន បញ្ជាក់​ថា ក្នុង​ចំណោម​តំណាង​៥​នាក់ ដែល​ត្រូវ​បាន​កងរាជអាវុធហត្ថ​ចាប់ខ្លួន គឺ​មាន​តែ​៣​នាក់​ប៉ុណ្ណោះ សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម​នេះ ចំណែក​អ្នក​ផ្សេង​ទៀត លោក​មិន​បានដឹង​ថា មាន​មូលហេតុ​អ្វី​បាន​ពួក​គេ​មិន​ប្តឹង​។ លោក​ដាក់​ការ​សង្ស័យ​ថា អ្នក​ទាំងនោះ​មានការ​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិភាព ។​

​ករណី​ខាងលើ​នេះ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ករណី​ស្លាប់​ប្រជាពលរដ្ឋ​ឈ្មោះ ទុ​យ ស្រស់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៥ បច្ចុប្បន្ន​រស់នៅ​ភូមិ​ជ្រៃ ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​បាត់បង់​ជីវិត ។ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ សូម​ធ្វើការ​បំភ្លឺ​តាម​ដំណើររឿង​ដូច​ខាងក្រោម ៖