ក្រុង​ម៉ានីល ៖ សាលារៀន និង​ក្រុមហ៊ុន​នានា បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន​នៅ​​ទូ​ទាំង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន នា​ថ្ងៃ​ចន្ទ ទី​១៣ មក​រា ២០២០ ខណៈ​ដែល​ភ្នំភ្លើង បាន​បាញ់​ផេះ​ពាសពេញ​ទីក្រុង ហើយ​អ្នកជំនាញ​ខាង​រញ្ជួយ​ដី បាន​ព្រមាន​ថា ការ​ផ្ទុះ​អាច​កើតឡើង​គ្រប់ពេល ដែល​អាច​បង្ក​ជា​រលក​យក្ស​ស៊ូ​ណា​មិ ។​

​មនុស្ស​រាប់​ពាន់រាប់ម៉ឺន​នាក់ ត្រូវ​បាន​បង្ខំ​ឱ្យ​ជម្លៀស​ចេញពីផ្ទះ​របស់​ពួក​គេ នៅ​ជុំវិញ តំបន់​ភ្នំភ្លើង​តា​អាល់ ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ពេញ​និយម នៅ​ចំ​កណ្តាល​បឹង​ដ៏​ទាក់ទាញ មាន​ចម្ងាយ​ប្រហែល​៧០​គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង​ម៉ានីល ។​

​លោក ម៉ា​ទី​ន អង់​តូ​នី​ញ៉ូ ប្រធាន​ជំនាញ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ នៃ​វិទ្យាស្ថាន​ភ្នំភ្លើង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា “​ល្បឿន​នៃ​ការ​កើនឡើង​ពី​សកម្មភាព​ភ្នំភ្លើង​នេះ បាន​ធ្វើ​ឱ្យ​យើង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ការ​ផ្ទុះ​មួយ​អាច​បណ្តាល​ឱ្យ​រលក​យក្ស​ស៊ូ​ណា​មិ​រីក​រាលដាល​ពាសពេញ​បឹង​បាន​” ។​

គិត​ត្រឹម​ម៉ោង​១២​និង​៤៩​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ចន្ទ​នេះ វា​បាន​បញ្ចេញ​ក​ម្អែ​រ​ភ្លើង​ខ្លះ និង​បន្ត​ជះ​ផេះ​យ៉ាង​ធំ​សម្បើម​ឡើង​ទៅ​លើ​ផ្ទៃមេឃ កម្ពស់​១៥.០០០​ម៉ែត្រ លាយឡំ​ដោយ​រន្ទះ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល នៅ​ពីលើ​ភ្នំភ្លើង ជា​បាតុភូត​ដែល​អាច​យល់​បាន​តិចតួច ដែល​ត្រូវ​បាន​គេ​សន្មត​ថា ជា​អគ្គិសនី​ថេរ ។​

លោក ហ្គែ​រី ណា​ថា​ណួ​ន អភិបាលក្រុង Talisay បាន​ឲ្យ​ដឹង​ថា មនុស្ស​ជិត​៥​ម៉ឺន​នាក់​ដែល​រស់នៅ​ក្បែរ​ភ្នំភ្លើង តា​អាល់ បាន​ជម្លៀស​ខ្លួន​ចាប់តាំងពី​យប់​ថ្ងៃអាទិត្យ ខណៈ​មួយ​ចំនួន​តូច​ដែល​ពុំ​ទាន់​ចេញ នឹង​ត្រូវ​បង្ខំ​ឲ្យ​ចេញ​ដើម្បី​សុវត្ថិភាព ។ ការ​ផ្ទុះ​បញ្ចេញ​ផ្សែង និង​ផេះ នៃ​ភ្នំភ្លើង​នោះ​បាន​បង្ក​ឲ្យ​កម្ទេចផេះ​ធ្លាក់​នៅ​តំបន់​ជុំវិញ​នោះ ៕