ភ្នំពេញ៖គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) និងក្រុមហ៊ុន មេយប៊ែង គីមអេង ហូលដីង លីមីតធីត ឈានដល់ចុះហត្ថលេខាលើអ​នុស្សរណៈ​នៃការយោគ​យល់​គ្នាស្ដីពី«កិច្ចសហប្រតិបត្តិការ និងក្របខណ្ឌជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា»កាលពីថ្ងៃទី៩មករាកន្លងទៅនេះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ម.ក.គូសបញ្ជាក់ថា អនុស្សរណៈនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងក្នុងការផ្ដល់ជំនួយបច្ចេកទេសដល់ គ.ម.ក. ទៅលើផ្នែកអនុលោមភាពច្បាប់ ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ចសាជីវកម្ម ប្រព័ន្ធស្តង់ដារ និងគណនេយ្យហិរញ្ញវត្ថុ ការអភិវឌ្ឍឧបករណ៍ហិរញ្ញវត្ថុ និងផលិតផលថ្មីៗសម្រាប់ទីផ្សារមូលបត្រ និងការទាក់ទាញវិនិយោគិនបរទេសជាដើម និងដើម្បីជំរុញកំណើនប្រកបដោយចីរភាពនៃទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជា ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា មានប្រសាសន៍ថា «ពួកយើងពិតជាមានភាពរីករាយណាស់ដែលបានចូលរួមសហប្រតិបត្តិការជាមួយនឹង ក្រុមហ៊ុន មេយប៊ែង គីមអេង ហូលដីង លីមីតធីត ដែលជាធនាគារវិនិយោគដ៏ឈានមុខមួយនៅក្នុងតំបន់អាស៊ាន។ ខ្ញុំមានជំនឿថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងពង្រឹងទំនាក់ទំនងនាំឆ្ពោះទៅកាន់ភាពជាដៃគូបន្ថែមមួយកម្រិតទៀត។ កិច្ចសហប្រតិបត្តិការនេះ ក៏នឹងជួយពួកយើងក្នុងការលើកកម្ពស់លទ្ធផលការងារ ជំរុញការរីកចម្រើននៃ ទីផ្សារមូលបត្ររបស់កម្ពុជានាពេលអនាគត និងបន្តចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ»។

លោក ម៉ូហាមាត យ៉ាសីន អាប់ឌុលឡា នាយកផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន មេយប៊ែង គីមអេង ហូលដីង លីមីតធីត ក៏បានលើកឡើងផងដែរថា «ពួកយើងពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមសហប្រតិបត្តិការជាមួយនឹងគណៈកម្មការមូលបត្រកម្ពុជា ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រនៅប្រទេសកម្ពុជា។ ក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនខ្លាំងនៅក្នុងពិភពលោក ប្រទេសកម្ពុជាជាប្រទេសដែលមានទីផ្សារហិរញ្ញវត្ថុរីកចម្រើនជាលំដាប់។ ក្រុមហ៊ុន មេយប៊ែង គីមអេង ហូលដីង លីមីតធីត ដែលមានវត្តមានក្នុង៦ប្រទេសនៃសមាជិកអាស៊ាន នឹងចូលរួមចែករំលែកនូវបច្ចេកទេស និងបទពិសោធន៍ដែលធ្លាប់មានជាច្រើនទសវត្សនៅក្នុងតំបន់ មកដល់ប្រទេសកម្ពុជា។ ពួកយើងផ្តល់អាទិភាពជាចម្បងលើនិរន្តភាព និងការរីកចម្រើនប្រកបដោយយុទ្ធសាស្រ្ត នៅក្នុងទីផ្សារហិរញ្ញវត្តុនេះ ដើម្បីធានាថាសាជីវកម្ម និងសហគមន៍ក្នុងប្រទេសកម្ពុជា នឹងរីកចម្រើនលូតលាស់ជាមួយគ្នា»។

គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)គណៈកម្មការមូលត្រកម្ពុជា ហៅកាត់ថា គ.ម.ក. មានតួនាទីគ្រប់គ្រងវិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមតាមរយៈការកៀរគរមូលធនពីសាធារណជន ឬអ្នកវិនិយោគមូលបត្រដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា។ គ.ម.ក. មានគោលដៅបង្កើត និងរក្សាឱ្យមានទំនុកចិត្ដពីអ្នកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈការការពារសិទ្ធិស្របច្បាប់របស់អ្នកវិនិយោគ និងធានាឱ្យការបោះផ្សាយ និងការជួញដូរមូលបត្រប្រកបដោយសណ្ដាប់ធ្នាប់ និងត្រឹមត្រូវ លើកកម្ពស់ការគ្រប់គ្រងទីផ្សារមូលបត្រឱ្យមានប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍទីផ្សារនេះឱ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ជំរុញឱ្យមានភាពសម្បូរបែបនៃឧបករណ៍សញ្ជ័យ តាមរយៈការទិញមូលបត្រ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត និងជំរុញឱ្យមានការធ្វើវិនិយោគទុនពីបរទេស និងការចូលរួមក្នុងទីផ្សារមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។