ភ្នំពេញ៖ មានមនុស្សរាប់ពាន់នាក់ បានមកជួបជុំគ្នា និងទស្សនា តន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យរបស់ណាហ្គាវើល៍ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីស្វាគមន៍ឆ្នាំថ្មី២០២០ អមដោយពន្លឺកាំជ្រួចដ៏ភ្លឺផ្លេក។

ការប្រគំតន្ត្រីដ៏ធំនេះ មានការចូលរួមសម្តែងដោយកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញាឯកចក្រវាឡកម្ពុជា កញ្ញាឯកកម្ពុជា និងអ្នកសិល្បៈអន្តរជាតិប្រចាំណាហ្គាវើលដ៍។
គឺកំពូលតារាចម្រៀង សុគន្ធ និសា។ និសា បានធ្វើឱ្យអ្នកគាំទ្ររាំជាមួយបទចម្រៀងពេញនិយមរបស់គាត់ ដូចជា បទ “Check In បេះដូង” “ឃើញជ្រូករាំ” និង “ក្រុងជួបស្រែ” អមដោយក្រុមរាំដែលមានទេពកោសល្យមួយក្រុមរបស់គាត់។
បន្ទាប់មក នីកូ ក៏ទទួលបានការចាប់អារម្មណ៍មិនចាញ់និសាប៉ុន្មានដែរជាមួយបទ “Like ១” “ម៉ាប់ៗ” ខណៈក្រុមតូចពហុជំនាញ Small World Small Band បានទទួលសំឡេងទះដៃអបអរសាទរយ៉ាងច្រើនផងដែរជាមួយចង្វាក់ភ្លេង mix និងបទចម្រៀងដើមដែលនិពន្ធដោយពួកគេផ្ទាល់។

តន្ត្រីដ៏ធំកណ្តាលរាជធានីភ្នំពេញនេះ បានឈានដល់កម្រិតកំពូលនៅពាក់កណ្តាល់អធ្រាត្រនៅពេលប៉ុន្មានវិនាទីមុនឈានចូលឆ្នាំថ្មី២០២០! ទស្សនិកជន បានរាប់ថយក្រោយដោយផ្ទៀងជាមួយនឹងទ្រនិចនាឡិកានៅលើផ្ទាំងអិលអ៊ីឌីដ៏ធំរបស់ណាហ្គាវើលដ៍។ ទិដ្ឋភាពឆ្លងឆ្នាំក្នុងរាជធានីភ្នំពេញនេះ កាន់តែអស្ចារ្យជាមួយពន្លឺកាំជ្រួចដ៏ភ្លឺផ្លេករបស់ណាហ្គាវើលដ៍ដែលបានធ្វើឲ្យពន្លឺនៅក្នុងអាកាសទល់មុខណាហ្គាវើលដ៍ទាំងពីរមានភាពចែងចាំងនៅក្នុងឱកាសបើកទំព័រទី១ នៃឆ្នាំ២០២០។