ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖
ទោះបីគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតបានទទួលអាសនៈនៅក្នុងរដ្ឋសភាដ៏ច្រើនលើសលប់ ក៏ពិតមែន ប៉ុន្តែនៅក្នុងស្ថាប័នក្រុមប្រឹក្សាព្រះរាជាណាចក្រ គណបក្សនេះ មិនមានសម្លេងភាគច្រើន ដូចនៅក្នុងសភាទេ។
ឆ្លៀតឱកាសដែលព្រះមហាក្សត្របើកដៃឲ្យពួកប្រជាធិបតេយ្យ ធ្វើការកែសម្រួលពង្រាងរដ្ឋធម្មនុញ្ញ ដែលតាក់តែងឡើងដោយទ្រង់មុនីរ៉េត ជាអតីតនាយករដ្ឋមន្ត្រី និងពួកទីប្រឹក្សាបារាំងមួយចំនួនទៀតនោះ ពួកប្រជាធិបតេយ្យបានធ្វើការបញ្ចេញបញ្ចូលនូវខ្លឹមសារតាមការនឹកឃើញរបស់ពួកគេ ក្នុងចេតនាចង់ដកហូតសិទ្ធិអំណាចពីព្រះមហាក្សត្រ និងក្រុមប្រឹក្សាព្រះរាជាណាចក្រស្ទើរតែអស់រលីងពីពង្រាងដើមរបស់ទ្រង់មុនីរ៉េត ។
នៅទីបំផុត រដ្ឋធម្មនុញ្ញមួយ មាន១០ជំពូក និង១០៧មាត្រា ត្រូវបង្កើតឡើងជាលើកដំបូងបង្អស់នៅប្រទេសកម្ពុជា។
ក្នុងជំពូក១ ដែលចែងអំពីធម្មជាតិ និងសណ្ឋានរបស់រដ្ឋ មាត្រា១ បានចែងថា ប្រទេសកម្ពុជាជាប្រជាជាតិមួយ មានព្រះមហាក្សត្រសោយរាជ្យ និងមាត្រា២ ចែងថា ភាសាដែលប្រើជាផ្លូវការ គឺភាសាខ្មែរ។ ហើយភាសាបារាំងជាភាសាផ្លូវការដែរ តែសម្រាប់ប្រើក្នុងការទាក់ទងនឹងសហភាពបារាំង ទំរាំភាសាខ្មែរមានពាក្យបរិបូណ៍គ្រប់គ្រាន់ នឹងប្រើការសម្រាប់ប្រជាជាតិសម័យថ្មី។

ព្រះមហាក្សត្រ នរោត្តម សីហនុ

នៅក្នុងជំពូក២ ដែលចែងអំពីសេរីភាព សិទ្ធិ និងករណីយកិច្ចរបស់ខេមរជន មាត្រា៣ បានចែងថា សេរីភាពជាដំណើរអាចធ្វើបានគ្រប់យ៉ាង កុំឲ្យតែប៉ះពាល់ កុំឲ្យតែខូចសិទ្ធិអ្នកដទៃ។ អ្វីដែលច្បាប់មិនបង្គាប់ឲ្យធ្វើទេ ជនណាក៏ដោយ មិនអាចត្រូវគេបង្ខំឲ្យធ្វើបានឡើយ។
មាត្រា៨ បានចែងថា៖ សេរីភាពខាងជំនឿ ត្រូវបើកឲ្យមានដោយបរិបូណ៍។ សេរីភាពក្នុងការប្រតិបត្តិខាងផ្លូវសាសនា ក៏ត្រូវបើកឲ្យមានដូច្នោះដែរ បើនឹងបន្ថយខ្លះបាន តែត្រង់ណាដែលវៀរពុំបាន ដើម្បីកុំឲ្យខូចសេចក្តីស្ងប់រៀបរយដល់មហាជន។ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
ជំពូក៣ ចែងអំពីច្បាប់ និងអំណាច
មាត្រា២១ : បានចែងថា អំណាចគ្រប់យ៉ាងមកពីព្រះមហាក្សត្រ។ អំណាចទាំងនោះត្រូវប្រើទៅតាមបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញនេះ។
មាត្រា២២ : រដ្ឋសភាជាអ្នកប្រើអំណាចនីតិបញ្ញត្តិ ក្នុងបរមនាមនៃព្រះមហាក្សត្រ។ អ្នកដែលមានសិទ្ធិផ្តើមគំនិតតែងច្បាប់នោះ គឺព្រះមហាក្សត្រ គណៈរដ្ឋមន្ត្រី សមាជិកនៃរដ្ឋសភា និងសមាជិកនៃក្រុមប្រឹក្សាព្រះរាជាអាណចក្រ។
មាត្រា២៣ : គណៈរដ្ឋមន្ត្រីជាអ្នកប្រើអំណាចនីតិប្រតិបត្តិ ក្នុងនាមព្រះបរមនាមព្រះមហាក្សត្រ។
មាត្រា២៤ : សាលាជំរះក្តីគ្រប់ជាន់ថ្នាក់គ្រប់ប៉ែក ជាអ្នកប្រើអំណាចតុលាការ ក្នុងព្រះបរមនាមព្រះមហាក្សត្រ។
ជំពូក៤ ចែងអំពីព្រះមហាក្សត្រ
មាត្រា២៥ : រាជសម្បត្តិប្រទេសកម្ពុជាជាមត៌កររបស់ក្សត្រាទាំងឡាយ ដែលជាតំណពីព្រះបាទសម្តេចព្រះហរិរក្សារាមាធិបតីព្រះអង្គដួង។
មាត្រា២៦ : ព្រះមហាក្សត្រ ទ្រង់នូវព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទ និងព្រះរាជអំណាចដកព្រះរជ្ជទាយាទពីតំណែងបាន ដោយបានទ្រង់ប្រជុំក្រុមប្រឹក្សារាជសម្បត្តិពិគ្រោះជាមុនហើយ។
មាត្រា២៧ : កាលបើរាជសម្បត្តិទំនេរ ប្រសិនបើព្រះមហាក្សត្រពុំបានចាត់តាំងព្រះរជ្ជទាយាទដូចខាងលើនេះទេ នោះក្រុមប្រឹក្សារាជសម្បត្តិ ចាត់តាំងព្រះមហាក្សត្រអង្គថ្មីដោយយកតាមមតិនៃភាគច្រើនក្នុងទីប្រជុំ បើមតិនៃទីប្រជុំចែកជាពីភាគស្មើគ្នា នោះត្រូវយកតាមមតិនៃប្រធាន។
មាត្រា២៨ : ក្រុមប្រឹក្សារាជសម្បត្តិមានសមាជិកដូចតទៅនេះ :
អធិបតីនៃក្រុមសង្គហព្រះរាជវង្សានុវង្ស
នាយករដ្ឋមន្ត្រី
ប្រធានរដ្ឋសភា
ប្រធានក្រុមប្រឹក្សាព្រះរាជអាណាចក្រ
ព្រះសង្ឃនាយកទាំងពីរគណៈ
ចាងហ្វាងសាលាតុលាការជាន់ខ្ពស់
អធិបតីក្រុមសង្គហព្រះរាជវង្សានុវង្សា ជាប្រធាននៃក្រុមប្រឹក្សារាជសម្បត្តិ។
មាត្រា២៩ : នីតិភាពនៃព្រះមហាក្សត្រត្រូវកំណត់តាំងពីព្រះជន្មាយុដប់ប្រាំបីព្រះវស្សា។ បើប្រសិនជាព្រះមហាក្សត្រិយ៍ ឋិតនៅក្នុងអនីតិភាព ឬគ្មានសមត្ថភាពនឹងទ្រង់ប្រើព្រះសិទ្ធិទេ ព្រះសិទ្ធិនោះត្រូវជាព្រះរាជានុសិទ្ធមួយព្រះអង្គ។
ក្រុមប្រឹក្សារាជសម្បត្តិជាអ្នកវិនិច្ឆ័យថា ព្រះមហាក្សត្រិយ៍គ្មានសមត្ថភាព ហើយបើមានករណីដូចច្នោះ ក្រុមប្រឹក្សារាជសម្បត្តិត្រូវចាត់តាំងក្សត្រាមួយព្រះអង្គក្នុងរាជវង្សានុវង្ស នាព្រះរាជនុសិទ្ធ។
មាត្រា៣០ : កាលបើរាជសម្បត្តិទំនេរ ហើយប្រសិនបើព្រះមហាក្សត្រិយ៍ពុំបានចាត់តាំងព្រះរាជទាយាទទេ ក្រុមប្រឹក្សារាជសម្បត្តិត្រូវតែប្រជុំក្នុងរវាងបីថ្ងៃ ក្រោយព្រឹត្តិការណ៍ដែលធ្វើឲ្យរាជសម្បត្តិទំនេរ ដើម្បីចាត់តាំងព្រះមហាក្សត្រិយ៍អង្គថ្មី ព្រមទាំងរាជានុសិទ្ធ បើព្រះមហាក្សត្រិយ៍អង្គថ្មីឋិតនៅក្នុងនីតិភាព។
មាត្រា៣៥ : ព្រះមហាក្សត្រទ្រង់ជាអគ្គប្រមុខនៃរដ្ឋ។ អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ នរណានឹងល្មើសពុំបាន។
មាត្រា៣៧ : ព្រះមហាក្សត្រ ទ្រង់ប្រាស្រ័យនឹងរដ្ឋសភា ហើយនឹងក្រុមប្រឹក្សាព្រះរាជាអាណាចក្រ ដោយព្រះរាជសារ។មាត្រា៣៨ : ព្រះមហាក្សត្រហៅប្រជុំរដ្ឋសភា តាមបទបញ្ញត្តិនៃមាត្រា៥៨ និង៥៩ នៃរដ្ឋធម្មនុញ្ញនេះ។ ព្រះអង្គទ្រង់នូវព្រះរាជសិទ្ធិរំលាយរដ្ឋសភាបាន តាមសេចក្តីណែនាំគណៈរដ្ឋមន្ត្រី។ ព្រះមហាក្សត្រទ្រង់រំលាយរដ្ឋសភាបានតែមួយដង ដោយហេតុដដែល។ បើមានការរំលាយរដ្ឋសភាដូចខាងលើនេះ ការជ្រើសតាំងជាថ្មីត្រូវឲ្យមានក្នុងរយៈវេលាពីរខែ យ៉ាងយូរ។
មាត្រា៤១ : ព្រះរាជលិខិតទាំងពូង វៀរលែងតែព្រះរាជលិខិតណា ដែលទាក់ទងនឹងការខាងក្នុងព្រះបរមរាជវាំង ត្រូវឲ្យមាននាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមួយនាក់ឬច្រើននាក់ចុះហត្ថលេខា ទទួលព្រះបរមរាជឳង្ការ។
មាត្រា៤២ : ព្រះមហាក្សត្រទ្រង់បង្កើតព្រមទាំងទ្រង់ព្រះរាជទានឋានន្តរស័ក្កិខាងស៊ីវិល និងខាងទាហាន។
ព្រះមហាក្សត្រទ្រង់ជាអធិបតីធំបំផុតនៃក្រុមឥស្សរិយយស ហើយទ្រង់ព្រះរាជទានគ្រឿងឥស្សរិយាករណ៍។
មាត្រា៤៣ : ព្រះមហាក្សត្រទ្រង់តែងតាំងចៅក្រមទាំងឡាយ តាមសេចក្តីសុំរបស់ក្រុមប្រឹក្សាជាន់ខ្ពស់នៃតុលាការ។
មាត្រា៤៤ : ព្រះមហាក្សត្រ ទ្រង់នូវព្រះរាជសិទ្ធិលើកលែងទោស និងបន្ថយទោស។
មាត្រា៤៥ : ព្រះមហាក្សត្រ ទ្រង់ជាអគ្គសេនាប្រមុខ លើកម្លាំងទាហានទាំងឡាយនៃព្រះរាជាណាចក្រ។
មាត្រា៤៦ : ព្រះមហាក្សត្រ ទ្រង់ចុះព្រះរាជហត្ថលេខាក្នុងសន្ធិសញ្ញាទាំងឡាយដែលធ្វើនឹងប្រទេសបារាំង ហើយនឹងសមាគមរដ្ឋឯទៀត ក្នុងសហភាពបារាំង ហើយទ្រង់ព្រះរាជទានសច្ចាប័នដល់សន្ធិសញ្ញាទាំងនោះដោយអាស្រ័យអនុម័តនៃរដ្ឋសភា។
ព្រះមហាក្សត្រទ្រង់ចាត់ទាំងឥស្សរជនឲ្យកាន់តំណែង ឬទទួលបម្រើខាងផ្លូវទូតទៅប្រទេសក្រៅ។
មាត្រា៤៧ : ព្រះមហាក្សត្រទ្រង់នូវព្រះរាជសិទ្ធរំលែកព្រះរាជអំណាច ក្នុងការព្រះរាជទានឋានន្តរស័ក្តិខាងស៊ីវិល និងទាហាន ហើយក្នុងការចុះព្រះរាជហត្ថលេខាក្នុងលិខិតទាំងឡាយ។
ជំពូកទី៥អំពីរដ្ឋសភា
មាត្រា៤៨ : អ្នកដែលមានសិទ្ធជ្រើសតាំងតំណាងរាស្ត្រ គឺពលរដ្ឋខ្មែរ ភេទប្រុស អាយុ២០ឆ្នាំបរិបូណ៌ឡើងទៅ វៀរលែងតែបុរសនោះ ប្រាសចាកសិទ្ធិរបស់ពលរដ្ឋ ហើយបុរសនោះ ត្រូវប្រកបដោយលក្ខណៈសម្បត្តិតាមច្បាប់ស្តីអំពីការជ្រើសតាំងអ្នកតំណាងរាស្ត្រ។
ទាហាននៅក្នុងតំណែង គ្មានសិទ្ធិជ្រើសតាំងអ្នកតំណាងរាស្ត្រ ហើយគ្មានសិទ្ធិឈរឈ្មោះឲ្យគេជ្រើសតាំងខ្លួនជាអ្នកតំណាងរាស្ត្រទៀតផង។ បព្វជិតក៏គ្មានសិទ្ធិដូចខាងលើនេះដែរ ព្រោះទើសទាល់នឹងធម៌វិន័យព្រះពុទ្ធសាសនា។
មាត្រា៤៩ : អ្នកដែលមានសិទ្ធិឈរឈ្មោះឲ្យគេជ្រើសតាំងជាតំណាងរាស្ត្របាននោះ គឺបុរសដែលមានសិទ្ធិជ្រើសតាំងតំណាងរាស្ត្រទាំងឡាយ មានអាយុយ៉ាងតិចម្ភៃប្រាំឆ្នាំ។ ច្បាប់ស្តីពីការជ្រើសតាំងអ្នកតំណាងរាស្ត្រមានកំណត់អំពីបុរសដែលគ្មានសិទ្ធិឈរឈ្មោះឲ្យគេជ្រើសតាំងខ្លួនជាអ្នកតំណាងរាស្ត្រ ជនមួយនាក់នឹងធ្វើជាអ្នករាជការកាន់កាប់តំណែងផង ហើយធ្វើជាតំណាងរាស្ត្រផង ពុំបាន។
មាត្រា៥៥ : នៅវេលាដែលឋិតក្នុងសមាជិកភាព ហើយវៀរលែងតែបានប្រព្រឹត្តបទល្មើស ដែលគេបានទាន់ជាក់ស្តែង អ្នកតំណាងរស្ត្រ បើនឹងត្រូវគេចោទប្រកាន់ ឬចាប់ខ្លួនដោយបទឧក្រិដ្ឋ ឬមជ្ឈឹមនោះ លុះត្រាតែអនុញ្ញតពីរដ្ឋសភាជាមុនសិន។ ការឃុំឃាំង ឬចោទប្រកាន់អ្នកតំណាងរាស្ត្រណាមួយត្រូវបង្អង់សិន បើរដ្ឋសភាបញ្ចេញមតិសុំ ដោយមានភាគច្រើនដល់៤ ក្នុង៥ (៤/៥) នៃចំនួនសមាជិក។
មាត្រា៦៧ : ការពិភាក្សានៃរដ្ឋសភានឹងយកជាការបាន លុះត្រាតែមានពីរក្នុងបី (២/៣) នៃចំនួនសមាជិកអង្គប្រជុំ។
ជំពូកទី៦

ព្រះមហាក្សត្រ នរោត្តម សីហនុ

អំពីក្រុមប្រឹក្សាព្រះរាជអាណាចក្រ
មាត្រា៧០ : ក្រុមប្រឹក្សាព្រះរាជអាណាចក្រ មានសមាជិកដែលត្រូវចាត់តាំងខ្លះនឹងសមាជិក ដែលត្រូវជ្រើសតាំងដោយបោះឆ្នោតអសាកលខ្លះ។ សមាជិកទាំងនោះត្រូវមានអាយុ៤៦ឆ្នាំ យ៉ាងតិច។
ជនម្នាក់នឹងធ្វើជាទីប្រឹក្សាព្រះរាជណាចក្រផង ហើយធ្វើជាអ្នកតំណាងរាស្ត្រផង ពុំបាន។
មាត្រា៧១ : សមាជិកដែលត្រូវចាត់តាំងមានចំនួនពីររូប។ ព្រះមហាក្សត្រិយ៍ទ្រង់ចាត់តាំងក្នុងបណ្តាព្រះរាជវង្សានុវង្ស។
មាត្រា៧២ : សមាជិកពីររូបត្រូវរដ្ឋសភាជ្រើសតាំងតាមភាគច្រើន ដោយប្រៀបយកក្រៅពីតំណាងរាស្ត្រ។
មាត្រា៧៣ : សមាជិកប្រាំបីរូប រូបនីមួយៗជាអ្នកតំណាងភូមិភាគមួយ ឬក្រុងភ្នំពេញ ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសាកល មិនចំពោះ ទីប្រឹក្សាខេត្តជាអ្នកជ្រើសតាំងអ្នកតំណាងភូមិភាគ ហើយតាមសង្កាត់ និងទីប្រឹក្សាក្រុងជាអ្នកជ្រើសតាំងអ្នកតំណាងក្រុងភ្នំពេញ។
ភូមិភាគទាំងប្រាំពីរ ដែលត្រូវជ្រើសតាំងអ្នកតំណាងមួយរូបសម្រាប់ភូមិភាគមួយនោះ មានដូចតទៅ៖
ភូមិភាគទី១ ខេត្តបាត់ដំបង និងសៀមរាប
ភូមិភាគទី២ ខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង
ភូមិភាគទី៣ ខេត្តកំពង់ធំ និងកំពង់ចាម
ភូមិភាគទី៤ ខេត្តក្រចះ និងស្ទឹងត្រែង
ភូមិភាគទី៥ ខេត្តព្រៃវែង និងស្វាយរៀង
ភូមិភាគទី៦ ខេត្តកណ្តាល និងកំពង់ស្ពឺ
ភូមិភាគទី៧ ខេត្តតាកែវ និងកំពត ។
មាត្រា៧៦ : អាណត្តិនៃទីប្រឹក្សាព្រះរាជអាណាចក្រ មានកំណត់៤ឆ្នាំ។
ក្រុមប្រឹក្សាព្រះរាជអាណាចក្រត្រូវហៅប្រជុំ ហើយត្រូវប្រជុំក្នុងពេលជាមួយគ្នានឹងរដ្ឋសភា។
ជំពូកទី៧
អំពីគណៈរដ្ឋមន្ត្រី

មាត្រា៧៩ : គណៈរដ្ឋមន្ត្រីជារដ្ឋាភិបាលនៃព្រះមហាក្សត្រិយ៍ គណៈរដ្ឋមន្ត្រីមានសមាជិកយ៉ាងច្រើនមានដប់ពីររូប រាប់បញ្ចូលទាំងរដ្ឋលេខាធិការផង។
ជនម្នាក់អាចទទួលតំណែងជាតំណាងរាស្ត្រ ឬទីប្រឹក្សាព្រះរាជណាចក្រផង ហើយជារដ្ឋមន្ត្រីផងបាន។ នឹងយកសមាជិកនៃរដ្ឋសភា និងក្រុមប្រឹក្សាព្រះរាជអាណាចក្រ ឬជនដែលពុំមែនជាសមាជិកនៃសភាទាំងពីរមកធ្វើជារដ្ឋមន្ត្រី ក៏បាន។
នៅខាងក្រោមខ្លឹមសារទាំង១០ជំពូក និង១០៧មាត្រា នៃរដ្ឋធម្មនុញ្ញនោះ មានសរសេរថា ធ្វើក្នុងព្រះបរមរាជវាំងក្រុងភ្នំពេញ នៅថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំកុរ នព្ធស័កព្រះពុទ្ធសករាជ ១៩៤៧។
ព្រះបរមរាជហត្ថលេខា
ន.សីហនុ