រាជធានីភ្នំពេញ៖ ក្រោយពីកូនប្រុសអ្នកតំណាងរាស្រ្ត ច័ន្ទ សារុន គឺលោក សារុន វិថូរ៉ាត់ ជាស្ថានីយប្រេងឥន្ធនៈ PTT សារុន វិថូរ៉ាត់ ស្ថិតនៅរង្វង់មូលកួរស្រូវ បណ្តោយផ្លូវជាតិលេខ២ សង្កាត់រលួស ខណ្ឌដង្កោ បានប្រើអំពើហិង្សាលើបុរសម្នាក់សង្ស័យកើតរោគចិត្ត ចូលក្នុងបន្ទប់ទឹកលួចមើលស្រីៗចូលបន្ទប់ទឹក បណ្តាលឲ្យបែកមុខហូរឈាមកក្លាក រួចថតវីដេអូនបង្ហាញមុខជាសាធារណៈនោះ ស្រាប់តែលោកឧកញ៉ាហ៊ុន ជា បានចេញសារបែបផ្តល់ដំបូន្មានដល់ម្ចាស់ការ៉ាស់សាំងនោះថា ប្រយ័ត្នដូចករណីក្មេងលួចដូង ។


លោកហ៊ុន ជា បានបង្ហោះសារ កាលពី១ម៉ោងមុន មានខ្លឹមសាថា “នៅចាំបានទេរឿងក្មេងលួចដូង ? កុំអាងមានលុយនឹងអំណាច សូមមើលរឿងណឹងឡើងវិញ បើវាជាចោរក៏មិនត្រូវធ្វើដល់ថ្នាក់ហ្នឹងដែរ ប៉ូលីស PM មានតើ”។
ជុំវិញនឹងករណីនេះដែរ លោកផែង វណ្ណៈ បានសរសេរសារបង្ហោះលើហ្វេសប៊ុកថា « ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ខណ្ឌដង្កោ ជាប់ផ្លូវជាតិលេខ២ លោកសារុន វិថូរ៉ាត់ ដែលគេស្គាល់ថា ជាកូនប្រុសលោកច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលតាកែវ បានចាប់ និងវាយបុរសម្នាក់ដោយចោទថា បានចូលទៅអុកឡុក និងទៅលួចថតរូបស្រីៗនៅក្នុងបន្ទប់នារី ។


ទង្វើរបស់ថៅកែរូបនេះគឺជាបទល្មើសហិង្សាដោយចេតនាដែលត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ ។ បើបុរសរូបនោះបានប្រព្រឹត្តនូវទង្វើណាមួយល្មើសច្បាប់ ថៅកែស្ថានីយ៍ប្រេងគួរតែប្ដឹងនគរបាល ឬចាប់ខ្លួនបុរសនោះ ប្រគល់មកអោយនគរបាលចាត់ការតាមច្បាប់ មិនមែនចាប់បុរសនោះវាយតាមកំហឹងខ្លួននោះទេ» ៕
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់សង្ស័យកើតរោគចិត្តបានចូលបន្ទប់ទឹកក្នុងការ៉ាស់សាំងមួយកន្លែង ធ្វើសកម្មភាពលួចមើលមនុស្សស្រីចូលបន្ទប់ទឹក ហើយត្រូវសន្តិសុខនិងអ្នកជិតខាងចាប់បានហើយបានវាយមួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងនៅស្ថានីយប្រេងឥន្ធនៈ PTT សារុន វិថូរ៉ាត់ ស្ថិតនៅរង្វង់មូលកួរស្រូវ បណ្តោយផ្លូវជាតិលេខ២ សង្កាត់រលួស ខណ្ឌដង្កោ៕