រាជធានីភ្នំពេញ ៖ នារីម្នាក់បានបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសថ្លើមថ្លៃយ៉ាងស្អិតល្មួតដូចស្ករតាំងម៉ែ រហូតស្ម័គ្ររួមរស់ក្នុងបន្ទប់ជួលតែមួយ ក្នុងនាមជាប្រពន្ធប្តី ដោយមិនបានរៀបការ ឬសែនព្រេន អ្វីទាំងអស់។ តែដឹងអី ប្តីឥតខាន់ស្លាស្រលាញ់ថ្នាក់ថ្នមនាងបានតែគ្រាដំបូងប៉ុណ្ណោះ លុះភ្លើងស្នេហ៍រលត់ ក៏ចាប់វាយទាត់ធាត់ប្រពន្ធដូចបាវសាក់ឥតស្វាង សូម្បីតែនាងទើបសម្រាលកូនបានជាង១ខែ ក៏មិនលើកលែងឲ្យដែរ ហើយក៏រត់គេចខ្លួនបាត់។
ករណីអំពើហិង្សាប្តីកំណាចវាយប្រពន្ធកូនខ្ចីនេះ បានកើតទ្បើងនៅវេលាម៉ោង៧ និង៣០៥នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួលភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។


នារីអភ័ព្វយកប្តីចិត្តឯងហែលក្នុងរណ្តៅទឹកភ្នែករាល់ថ្ងៃនេះ មានឈ្មោះ ចាន់ ភក្ដី អាយុ២៨ឆ្នាំ និងកូនប្រុសទើបបានជាង១ខែ មានស្រុកកំណើតនៅភូមិឫស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។ ចំណែក បុរសជាប្ដីមានឈ្មោះ សារិទ្ធ អាយុ២៩ឆ្នាំ រស់នៅស្រុកជាមួយគ្នា ។
នារីខាងលើបាននិយាយរៀបរាប់ទាំងទឹកភ្នែកថា នាងនិងប្ដីបានស្រទ្បាញ់គ្នា ដោយចិត្តនិងចិត្ត យកគ្នាជាប្តីប្រពន្ធអស់រយ:ពេលជាង២ឆ្នាំមកហើយ ដោយមិនបានរៀបការ ឫសែនព្រេន អ្វីទាំងអស់។ តាមពិតទៅប្តីស្រលាញ់ថ្នាក់ថ្នមនាងបានតែមួយប្រាវដំបូងប៉ុណ្ណោះ ក្រោយមកប្តីតែងវាយទាត់ធាក់នាងរាល់ថ្ងៃ ធ្វើឲ្យនាងហែលក្នុងសមុទ្រទឹកភ្នែករាល់ថ្ងៃ ។


នារីខាងលើបន្តថា នៅមុនថ្ងៃកើតហេតុមួយថ្ងៃ ពោលគឺក្រោយពីនាងសម្រាលកូនបានជាង១ខែ ប្តីរបស់គាត់បាននាំមិត្តភក្តិ មកផឹកស៊ីនៅបន្ទប់ផ្ទះជួល ថែមបម្រុងឲ្យមិត្តភក្តិរស់នៅបន្ទប់ជួលជាមួយទៀត តែនាងជាប្រពន្ធមិនព្រម ក៏កើតជារឿងឈ្លោះប្រកែកសម្តីគ្នា ស្រាប់តែប្ដីកំណាចនោះ ផ្ទុះភ្លើងកំហឹងវាយធ្វើបាប រួចក៏ចុះចោលគាត់ទៅបាត់តែម្ដង៕