រាជធានីភ្នំពេញ៖ បក្ខពួករបស់មេបញ្ជាការរង កងពលតូចលេខ៧០ ផ្កាយ២ ភឺន ផល្លា ចំនួន៥នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសជាក់ស្តែង នឹងបណ្តឹងរបស់ប្រជាពលរដ្ឋពីបទប៉ុនប៉ងឃាតកម្ម,ហឹង្សាចេតនា ដោយមានស្ថានទម្ងន់, ប្រើប្រាស់ អាវុធ ខុស ច្បាប់, គំរាមកំហែងថានឹងសំលាប់” កាលពី៤ថ្ងៃមុននោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ ។


កាលពីថ្ងៃអាទិត្យទី៨ ខែធ្នូ ឆ្នាំ២០១៩ លោកផ្កាយ២ ភឺន ផល្លា ដែលគេស្គាល់ថាជាមេបញ្ជាការរង កងពលតូចលេខ៧០ និងគូកនជាច្រើននាក់ ប្រដាប់ដោយកាំភ្លើង បើកឡានពាក់ស្លាកលេខ ខ.ម ជាច្រើនគ្រឿងបានចូលក្នុងបរិវេណទីតាំងដីមួយកន្លែង នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលមានឈ្មោះយស ម៉ាលីណា ជាម្ចាស់កម្មសិទ្ធិ និងប្រើប្រាស់អំណាចគម្រាមបាញ់សម្លាប់ទាំងបំពានទៅលើជនរងគ្រោះ ឈ្មោះ យុន សត្យា ជាអ្នកចាំដីឲ្យឈ្មោះ យស ម៉ាលីណា ទៀតផង ។


ក្រោយកើតហេតុ ជនរងគ្រោះយុន សត្យា ជាអ្នកចាំដីឲ្យឈ្មោះ យស ម៉ាលីណា បានដាក់ពាក្យប្ដឹងទៅលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានរៀបរាប់ថា៖ កាលពីថ្ងៃអាទិត្យទី៨ ខែធ្នូ ឆ្នាំ២០១៩ បុគ្គលឈ្មោះភឺន ផល្លា និងបក្ខពួកបានមកសម្រុកចូលក្នុងបរិវេណដីឈ្មោះ យស ម៉ាលីណា ព្រមទាំងគម្រាមកំហែងឲ្យពួកគាត់ជាកម្មករចាំដីឲ្យឈ្មោះ យស ម៉ាលីណា និងស្នាក់នៅលើដីនោះចាកចេញ។ ខណៈពួកគាត់មិនបានចាកចេញ បុគ្គលឈ្មោះភឺន ផល្លា និងបក្ខពួកក៏បានស្ទុះវាយ គម្រាមបាញ់សម្លាប់ និងដេញតាមចាប់វាយខ្នោះ ទៅលើកម្មករផ្សេងៗ ដែលមើលទៅពួកគាត់ ហាក់ដូចជាក្រុមជនទុច្ចរិត។

 


ក្រោយពេលកើតហេតុ បក្ខពួកលោកផ្កាយ២ ភឺន ផល្លា ចំនួន៥នាក់ ត្រូវបានចាប់ខ្លួន រួមទាំងវត្ថុតាងជាច្រើន ដែលនៅក្នុងនោះក៏មានរថយន្តស្លាកលេខខេមរភូមិន្ទ ចំនួន២គ្រឿង រថយន្តស្លាកលេខភ្នំពេញ ១ គ្រឿង អាវុធខ្លីមួយដើម និងអាវុទ្ធ AK 47 មួយដើមផងដែរ។
តាមរយៈវីដេអូរបស់លោកហែម រិទ្ធី នាយករងរដ្ឋបាលខណ្ឌព្រែកព្នៅ ដែលនៅកន្លែងកើតហេតុ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩នោះ ក្នុងពេលជួបនិយាយជាមួយម្ចាស់ដី ក៏បាននិយាយទទួលស្គាល់ដែរថា បុគ្គលឈ្មោះភឺន ផល្លា ពិតជាបានប្រើប្រាស់អំពើហិង្សាទៅលើឈ្មោះយុន សត្យា ដែលជាអ្នកមើលថែដីឲ្យឈ្មោះយស ម៉ាលីណាពិតប្រាកដមែន។
-វីដេអូទី១បង្ហាញពីសកម្មភាពលោកហែម រិទ្ធី រដ្ឋបាលរងខណ្ឌព្រែកព្នៅ និយាយជាមួយម្ចាស់ដី ពាក់ពន្ធ័សកម្មភាពភឺន ផល្លា និងបក្សពួកសម្រុក ចូលក្នុងបរិវេណដីនៅខណ្ឌព្រែកព្នៅ និងបង្កហិង្សា គម្រាមកំហែង។
-វីដេអូទី២បង្ហាញពីសកម្មភាពភឺន ផល្លា និងបក្សពួកសម្រុក ចូលក្នុងបរិវេណដី។
-វីដេអូទី៣បង្ហាញពីសកម្មភាពភឺន ផល្លា ដណ្តើមទូរសព្ទ័។
-វីដេអូទី៤បង្ហាញពីសកម្មភាពភឺន ផល្លា វាយលើអ្នកចាំដីឈ្មោះយុន សត្យា។

មហាជនមានចម្ងល់ថា តើបុគ្គលភឺន ផល្លា សំអាងលើអ្វី ទើបបានជាហ៊ានប្រើប្រាស់រថយន្តស្លាកលេខខ.ម ព្រមទាំងអាវុធ សម្រុកចូលដី គេបែបនេះ? ហើយឆ្ងល់ទៀតថា បុគ្គល ភឺន ផល្លា ហេតុអ្វីបានជាសមត្ថកិច្ចមិនចាប់ខ្លួនផង ព្រោះនៅក្នុងវីដេអូឃ្លីប បង្ហាញពីសកម្មភាពរបស់លោកផ្កាយ២ ភឺន ផល្លា ជាមេខ្លោង ជាអ្នកបញ្ជាឲ្យប្រព្រឹត្តបទល្មើស ហើយក៏បានធ្វើសកម្មភាពផ្ទាល់តែម្តង៕

 

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖